(ម៉ានីល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លៀតឱកាសពិភាក្សាយ៉ាងខ្លី អំពីបញ្ហាសិទ្ធិមនុស្សជាមួយនិងលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅក្នុងបរិបទនៃសង្រ្គាមបង្រ្កាបគ្រឿងញៀនដ៏បង្ហូរឈាម របស់ប្រធានាធិបតីហ្វីលីពីនរូបនេះ នាពេលដែលមេដឹកនាំទាំងពីរ បានជួបគ្នានាថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Sarah Huckabee Sanders បានឲ្យដឹងថា បញ្ហាសិទ្ធិមនុស្សត្រូវបានលើកឡើងមួយភ្លែត ក្នុងបរិបទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន របស់រដ្ឋាភិបាលហ្វីលីពីន នៅអំឡុងពេលពិភាក្សារវាង លោក ត្រាំ និងលោក ឌូតឺតេ។
លោកស្រី Sanders បានបន្ថែមថា មេដឹកនាំប្រទេសទាំងពីរ ក៏បានជជែកពិភាក្សាពីរឿងក្រុមសកម្មប្រយុទ្ធ ISIS, ការធ្វើពាណិជ្ជកម្ម, និងគ្រឿងញៀនផងដែរ នៅក្នុងអំឡុងនៃជំនួបក្រៅផ្លូវការ នៅឯកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលប្រព្រឹត្តទៅក្នុងរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន ហើយម៉្យាងវិញទៀត លោក ត្រាំ បាននិយាយថា លោកទាំងពីរមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាខ្លាំង៕