(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបានអះអាងថា ទាហានកូរ៉េខាងជើងមា្នក់បានរត់ភៀសខ្លួនមកកាន់កូរ៉េខាងត្បូង ដោយឆ្លងកាត់តាមតំបន់សន្តិសុខ ស្ថិតនៅក្នុងតំបន់គ្មានយោធា នៃព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នំា២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង ទាហានកូរ៉េខាងជើងម្នាក់ខាងលើបានរងរបួស ដោយសារគ្រាប់កំាភ្លើងរបស់យោធាកូរ៉េខាងជើង ខណៈកំពុងព្យាយាមរត់គេចខ្លួនចូលកាន់ទឹកដីកូរ៉េខាងត្បូង ហើយពេលនេះរូបគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស។
គួរបញ្ជាក់ថា «បច្ចុប្បន្នយោធាកូរ៉េខាងត្បូង កំពុងឃុំខ្លួនទាហានកូរ៉េខាងជើងម្នាក់នោះ ដែលបានរត់ភៀសខ្លួនពីប៉ុស្ដិ៍យាមកូរ៉េខាងជើង ស្ថិតទល់មុខភូមិ Panmungak ចូលក្នុងទឹកដីកូរ៉េខាងត្បូងនៅរសៀលថ្ងៃនេះ (ដែលទំនងជារង់ចាំការសាកសួរឲ្យប្រាកដច្បាស់ថា ទាហានរូបនោះពិតជាបានរត់ចោលជួរមែន) ហើយយោធារបស់យើង នឹងបង្កើនការឃ្លំាមើល ខ្លាចក្រែងមានការបង្ករឿងណាមួយពី សំណាក់កូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូង៕