(យេម៉ែន)៖ ក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែន បានគំរាមបាញ់ពន្លិចនាវាចម្បាំង និងនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត បើសិនជាទីក្រុងរីយ៉ាដមិនព្រមដកការបិទខ្ទប់របស់ខ្លួន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រជាជនយេម៉ែន ដែលកំពុងរងគ្រោះដោយសារសង្រ្គាម។ នេះបើតាមសារព័ត៌មាន Al Mashirah ដកស្រង់ដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
សារព័ត៌មាន Al Mashirah តាមរយៈការដកស្រង់សម្ដីពីយោធាក្រុមឧទ្ទាមហ៊ូទី បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង និងនាវាដឹកប្រេងទាំងអស់របស់ពួកឈ្លានពាន នឹងមិនអាច រួចខ្លួនពីការវាយប្រហាររបស់កងកម្លាំងជើងទឹកយេម៉ែនឡើយ បើសិនជាមិនព្រមដកការរាំងខ្ទប់របស់ខ្លួន... កងកម្លាំងយេម៉ែនបានត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបនឹងអារ៉ាប៊ីសាអូឌីត ដោយនៅរង់ចំាបញ្ជាពីមេបញ្ជាការកំពូលរបស់យើងតែប៉ុណ្ណោះ»។
គួររំលឹកថា ភាពតានតឹងរវាងទីក្រុងរីយ៉ាដ និងក្រុមឧទ្ទាមហ៊ូទី បានផ្ទុះឡើងខ្លាំង ក្រោយមានសេចក្ដីរាយការណ៍ថា កងកម្លាំងអារ៉ាប៊ីសាអូឌីត បានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់បាញ់ ចេញពីទឹកដីយេម៉ែន ឆ្ពោះមកកាន់ទីក្រុងរីយ៉ាដ។ ជាមួយគ្នានោះ អារ៉ាប៊ីសាអូឌីតបានចោទប្រកាន់ក្រុមឧទ្ទាមហ៊ូទី ជាអ្នកនៅពីក្រោយឧបទ្ទហេតុនេះ ហើយអ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់មីស៊ីល ព្រមទាំងបានប្រកាសបិទខ្ទប់ការហោះហើរ ផ្លូវគោក និងកំពុងផែងមួយចំនួន នៅក្នុងប្រទេសយេម៉ែន បើទោះជាអ៊ីរ៉ង់បដិសេធជាច្រើនថា ខ្លួនមិនមានប់ពាក់ព័ន្ធក៏ដោយ៕