(ហាណូយ)៖ ចិន និងវៀតណាមបានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបតិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ នៅក្រោមកាលៈទេសៈថ្មីនាពេលបច្ចុប្បន្ន ខណៈភាគីទាំងពីរ កំពុងប្រឈមមុខដាក់គ្នារឿងទាមទារដែនអធិបតេយ្យរៀងៗខ្លួន នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងប្រទេសវៀតណាម បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ APEC លើកទី ២៥ ក្នុងទីក្រុងដាណាង កាលពីថ្ងៃសៅរ៍។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់លោកស៊ី ក្រោយសមាជបក្សកុម្មុយនីស្ដ ចិនកាលពីតុលាកន្លងទៅ និងត្រូវបានធ្វើឡើង តបតាមការអញ្ជើញពីអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតី លោក Tran Dai Quang។ ជាមួយគ្នានោះដែរ ថ្លែងនៅអំឡុងជំនួបជាមួយអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម លោក Nguyen Phu Trong លោក ស៊ី ជិនពីង បានបញ្ជាក់ពីភាពវិជ្ជមាន នៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការព្រមព្រៀងគ្នារក្សា និងលើកកម្ពស់ទំនាក់ទំនងជាលក្ខណៈប្រពៃណី រវាងចិន និងវៀតណាម ផងដែរ។
លោក ស៊ី បានលើកឡើងយ៉ាងដូច្នេះថា «ចិន និងវៀតណាមគឺជាអ្នកជិតខាងដ៏ជិតស្និទ្ធ ដែលភ្ជាប់គ្នាតាមរយៈភ្នំ និងទន្លេ ព្រមទាំងជាមិត្តដ៏ល្អចែករំលែករឿងល្អ និងរឿងអាក្រក់ ហើយថែមទាំងមានគំនិត និងឧត្ដម គតិស្រដៀងគ្នាក្នុងភាពដៃគូ នៃកិច្ចសហប្រតិបត្តិការឈ្នះៗ»។
គួរបញ្ជាក់ថា ចិនបានទាមទារ ចំណែកគ្រប់គ្រងស្ទើរតែទាំងស្រុងនៅឯតំបន់សមុទ្រចិនខាងត្បូង រីឯវៀតណាម ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន និងតៃវ៉ាន់ ក៏បានះអាងពីកម្មសិទ្ធិរបស់ ពួកគេរៀងៗខ្លួននៅតំបន់ជម្លោះនេះដែរ។ ទោះបីជាមានការអះអាងពីកិច្ចសហប្រតិបត្តិការគ្នាក៏ដោយ ប៉ុន្តែភាពរសើបនៃសមុទ្រចិនខាងត្បូង នៅតែឈរនៅចំពោះមុខប្រទេសទាំងពីរជានិច្ច៕