(អង់ការ៉ា)៖ បើទោះជាមានការជំទាស់ពីសមាជិកអង្គការណាតូ និងការគំរាមដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ នៅទីបំផុតរដ្ឋាភិបាលតួកគីបានចុះហត្ថលេខាហើយលើ កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជុំវិញកិច្ចព្រមព្រៀងនេះដែរ នាយករដ្ឋមន្ត្រីតួកគី លោក Binali Yildirim បាននិយាយថា ការសម្រេចចិត្តទិញ S-400 គឺដោយសារតែតួកគី បានបរាជ័យក្នុងការទិញប្រព័ន្ធមីស៊ីល ស្រដៀងគ្នានេះពីបណ្ដាប្រទេសជាសមាជិកអង្គការណាតូ។ លោក Yildirim លើកឡើងដូច្នេះថា «យើងចង់បានប្រព័ន្ធមីស៊ីលស្រដៀងគ្នានេះ ពីបណ្ដាប្រទេសអង្គការណាតូ ប៉ុន្តែ យើងបានបរាជ័យ ក្នុងការទទួលបានការគំាទ្រពីសហរដ្ឋអាមេរិក... តែទោះជាយ៉ាងនេះក្ដី យើងចុះកិច្ចព្រមព្រៀងផ្នែកវិស័យការពារជាតិ ជាមួយរុស្ស៊ីមិនមែនមានន័យថា យើងនឹងធ្វើឱ្យ ប៉ះពាល់ដល់កតាព្វកិច្ចរបស់យើង ក្នុងនាមជាសមាជិកណាតូនោះទេ ប៉ុន្តែយើងចាំបាច់ត្រូវការវា គ្រាន់តែដើម្បីទប់ស្កាត់ការគំរាមកំហែងណាមួយ ប្រឆាំងនឹងតួកគីតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ទីក្រុងម៉ូស្គូ និងទីក្រុងអង់ការ៉ា បានឈានដល់កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ហើយរហូតដល់ថ្ងៃទី២៩ ខែកញ្ញា មន្ត្រីរុស្ស៊ីលោក Vladimir Kozhin បានទទួលស្គាល់ថា តួកគីបានបង់ប្រាក់កក់ និងអាចទទួលបាន S-400 នៅឆ្នាំ២០១៩។ រុស្ស៊ី និងតួកគី បានចាប់ផ្ដើមកិច្ចចរចាបញ្ជាទិញប្រព័ន្ធ មីស៊ីលនេះកាលពីឆ្នាំមុន៕