(ស្តក់ហូម)៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn ត្រូវបានស៊ើបអង្កេតដោយរដ្ឋអាជ្ញាពិសេស លោក Robert Mueller ពីបទទទួលលុយរាប់សិបលានដុល្លារ ដើម្បីបណ្តេញបុព្វជិតមូស្លីមម្នាក់ ដែលរស់នៅរដ្ធ Pennsylvania។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដកស្រង់ដោយវែបសាយ Stockholm Center For Freedom នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។.
លោក Michael Flynn និងកូនប្រុសគឺ លោក Michael Flynn Jr. បានទទួលប្រាក់ចំនួន ១៥លានដុល្លារ ជាថ្នូរនឹងការប្រគល់ខ្លួនបុព្វជិតមូស្លីម លោក Fethullah Gülen ទៅអោយរដ្ឋាភិបាលតួកគីវិញ។ នេះបើតាមការអះអាងពីប្រភពដែលបានដឹងពីការសន្ទនារវាង លោក Flynn និងអ្នកតំណារបស់តួកគីនៅឯក្លឹបកម្សាន្តលេខ ២១ ក្នុងទីក្រុងញូយ៉ក។
ការពិភាក្សានោះ បាននិយាយអំពីការដឹកជញ្ចូន លោក Gülen តាមរយៈយន្តហោះឯកជនទៅកាន់ពន្ធនាគារមួយ ដែលនៅលើកោះ Imral ជាកន្លែងដែលគេឃុំឃាំងខ្លួន លោក Abdullah Ocalan ជាមេដឹកនាំរបស់គណបក្សពលករឃើដ PKK។ ការសែត WSJ ក៏បានរាយការណ៍ផងដែរថា «មនុស្សម្នាក់ដែលដឹងពីការពិភាក្សានៃរឿង លោក Gulen នោះបាននិយាយថា លោក Flynn ក៏បានគ្រោងប្រើឥទ្ធិពលរបស់លោកនៅសេតវិមាន ដើម្បីបន្តធ្វើបត្យាប័ន លោក Gulen ដោយស្របច្បាប់ផងដែរ»។
គួរជម្រាបថា លោក Michael Flynn ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump បណ្តេញចេញពីដំណែងកាលពីខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិកលើកឡើងថា លោក Flynn ធ្លាប់បានលួចមានទំនាក់ទំនង ជាមួយអគ្គរដ្ឋទូតរុស្ស៊ីកាលពីខែធ្នូឆ្នាំមុន៕