(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យនេះ បាននិយាយថាវាអាចទៅរួចដែលលោកអាចធ្វើជាមិត្តរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃណាមួយ ហើយថានេះគឺជារឿងល្អណាស់ ប៉ុន្តែលោកមិនប្រាកដឡើយថារឿងបែបនេះអាចកើតឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសវៀតណាម។ ថ្លែងនាឱកាសនោះដែរ នៅពេលអ្នកសារព័ត៌មានសួរថាតើវាអាច ទៅរួចទេដែលលោកនឹងធ្វើមិត្តជាមួយលោក គីម ជុងអ៊ុន ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖« វាប្រហែលជារឿងចម្លែក ប៉ុន្តែរឿងបែបនេះអាចនឹងកើតឡើង ហើយ បើវាកើតឡើងមែន នោះវាអាចជារឿងល្អសម្រាប់ កូរ៉េខាងជើង និងបណ្ដាប្រទេសដទៃរួមទាំងពិភពលោកទាំងមូល ផងដែរ ...ខ្ញុំមិនប្រាកដ ទេថាវា អាចកើតឡើងនៅថ្ងៃណាមួយ តែនេះអាច ជារឿងល្អ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លាំងការបំពេញដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ មកកាន់តំបន់អាស៊ីដោយចាត់ទុកថាវាជា ទស្សនកិច្ចពាណិជ្ជកម្ម ហើយថាទីក្រុងព្យុងយ៉ាង នឹងបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររហូតដល់ទីបំផុត៕