ក្រុមហ៊ុន Emirates បញ្ជាទិញយន្ដហោះ Boeing Dreamliner 787 ចំនួន ៤០គ្រឿងក្នុងតម្លៃជាង១៥.១ពាន់លានដុល្លារ
12-11-2017 17:11
(ឌូបៃ)៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឈានដល់កិច្ចព្រមព្រៀងមួយបញ្ជាទិញយន្ដហោះ Boeing Dreamliner 787ចំនួន ៤០គ្រឿង ក្នុងតម្លៃសរុបជាង១៥.១ពាន់លាន ដុល្លារ។ នេះបើតាមCEO ក្រុមហ៊ុន Emirates លោក Sheik Ahmed bin Saeed Al Maktoum ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Saeed Al Maktoum បានលើកឡើងដូច្នេះថា៖«ការបញ្ជាទិញរបស់ក្រុមហ៊ុន Emirates នៅថ្ងៃនេះ នឹងចាប់ផ្ដើមប្រគល់នៅឆ្នាំ២០២២ ដែលនឹងជួយដល់យើងក្នុងការរក្សា ប្រសិទ្ធិភាពនៃវិស័យហោះហើរ ក៏ដូចជាបង្កើនបណ្ដាញហោះហើររបស់យើងនៅពេលអនាគត់ សំដៅសម្រេចឱ្យបាននូវវិស័យហោះឈានមុខគេនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងនៅក្នុងតំបន់ទាំងមូល»។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺជាអតិថិជនដ៏ធំក្នុងពិភពលោកសម្រាប់ យន្ដហោះBoeing 777 ដែលមានយន្ដហោះ១៦៥គ្រឿង និង១៦៤គ្រឿងផ្សេងទៀត កំពុងស្ថិតនៅក្រោមការបញ្ជាទិញ៕