(ហូជីមិញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ដាំផ្ញើក្រុមសិល្បករកម្ពុជាត្រូវខំប្រឹងសម្ដែងឲ្យបានល្អ ដើម្បីផ្សព្វផ្សាយពីវប្បធម៌ជាតិទៅកាន់ពិភពលោក ក្នុងពិព័រណ៍វប្បធម៌ពិភពលោកហូជីមិញ-ឃ្យុងយូ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបាននិងកំពុងប្រារព្ធឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការផ្ដាំផ្ញើទាំងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្រុមសិល្បករកម្ពុជាសរុប៣០នាក់ ដែលបានទៅសម្តែងជូនដល់កម្មវិធីពិព័រណ៍វប្បធម៌ពិពភលោកហូជីមីញ-ឃ្យុងយូខាងលើ។
ថ្លែងក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ពិភពលោកនឹងកាន់តែយល់ដឹងពីវប្បធម៌ និងសិល្បៈរបស់កម្ពុជា ប្រកបដោយភាពទាក់ទាញ និងសម្បូរបែប ពិសេសជាការរួមចំណែកទាក់ទាញទេសចរអន្តរជាតិ ឲ្យចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើងផងដែរ។
លោកស្រីថែមទាំងបានពាំនាំផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សិល្បករទាំងអស់គ្នាផងដែរ។ ជាមួយគ្នានោះ លោកស្រីក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជា ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ក៏បានរីកចម្រើនជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យសិល្បករទាំងអស់គ្នា មានឱកាសបានមកសម្តែងនាពេលនេះ។
លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើឲ្យសិល្បករកម្ពុជាទាំងអស់គ្នា ត្រូវខិតខំសម្តែងសិល្បៈឲ្យបានល្អ និងត្រូវចេះគោរពវិន័យក្នុងក្រុមឲ្យបានត្រឹមត្រូវ ហើយត្រូវចេះសាមគ្គីគ្នាដូចជាបងប្អូន ព្រោះតាមរយៈអ្នកទាំងអស់គ្នានាពេលនេះ គឺជាការផ្សព្វផ្សាយនូវវប្បធម៌ និងប្រពៃណីខ្មែរជូនដល់អន្តរជាតិ ឲ្យបានស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត៕