(មូស្គូ)៖ មហាសេដ្ឋីអចលទ្រព្យរុស្ស៊ី ដែលត្រូវបានគេចោទប្រកាន់ពីបទកេងប្រវ័ញ្ចប្រាក់វិនិយោគ លោក Sergei Polonsky គ្រោងនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើស រើសប្រធានាធិបតីរុស្ស៊ីនៅឆ្នាំ២០១៨ ខាងមុខនេះ។ ប៉ុន្តែបើគេចាំមិនភ្លេចទេ លោក Sergei Polonsky ក៏ធ្លាប់ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនក្នុងខេត្តព្រះសីហនុ និងបណ្ដេញចេញពី កម្ពុជាផងដែរកាលពីឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសប្ដាហ៍នេះ។
យោងតាម Reuters លោក Maxim Shingarkin ជាអតីតសមាជិកសភារុស្ស៊ី បានអះអាងថាលោកបានចុះហត្ថលេខាយល់ព្រម ធ្វើជានាយកយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Polonsky។ លោក Shingarkin បានបញ្ជាក់យ៉ាងខ្លី ដូច្នេះថា៖«លោក Sergei Polonsky បានអះអាងថាលោកនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី ហើយខ្ញុំសន្យាថានឹងជួយឃោសនារកសំឡេងឆ្នោតឱ្យគាត់»។ ជាងនេះទៅទៀត សារព័ត៌មានរុស្ស៊ីតាមរយៈការដកស្រង់សម្ដីពីលោក Polonsky ក៏បានរាយការរណ៍ដែរថាមហាសេដ្ឋី រូបនេះមានគំរោងចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ ខណៈបើតាមការស្ទង់មតិជាច្រើន លោក វ្ល៉ាឌីមៀ ពូទីន នឹងឈ្នះយ៉ាងងាយស្រួលក្នុងការបោះឆ្នោត បើទោះជា លោកមិនទាន់ប្រកាសជាផ្លូវការពីគោលបំណងចូលរួមក្នុងការបោះឆ្នោតនេះក៏ដោយ។
គួរបញ្ជាក់ថា កាលពីខែកក្កដា តុលាការទីក្រុងមូស្គូបានរកឃើញថា លោក Sergei Polonsky ពិតជាបានកេងប្រវ័ញ្ច និងក្លែងបន្លំប្រាក់វិនិយោគ ប៉ុន្តែបានអនុញ្ញាតឱ្យលោកដើរហើរ ដោយសេរី ត្បិតពេលវេលានៃបទល្មើសបានកន្លងផុតទៅយូរពេក សម្រាប់ការកាត់ទោសរូបលោក ខណៈលោកបានចំណាយពេលពីរឆ្នាំក្នុងពន្ធនាគារទីក្រុងមូស្គូ ដើម្បីរង់ចាំ សវនាការ៕