(លីបង់)៖ ប្រធានាធិបតីលីបង់លោក Michel Aoun បានស្នើឱ្យអារ៉ាប៊ីសាអូឌីតបញ្ជាក់ឱ្យច្បាស់ពីស្ថានភាពរបស់នាយកមន្ត្រីលីបង់ លោក Saad Hariri ដែលបានប្រកាសលាលែង ពីតំណែងក្នុងទីក្រុងរីយ៉ាដ ខណៈលេចលឺពាក្យចចាមនិងការចោទប្រកាន់ថាទីក្រុងរីយ៉ាដ បានចាប់លោក Hariri ជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆកា ឆ្នាំ២០១៧។
លោក Michel Aoun មិនទាន់បានទទួលស្គាល់ការលាលែងពីតំណែងរបស់លោក Saad Hariri កាលពីសប្ដាហ៍មុនឡើយ ដោយអះអាងថាលិខិតលាលែងពីតំណែងនេះអាចត្រូវ បានធ្វើឡើងដោយមានលក្ខខណ្ឌអ្វីមួយ។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ អ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡា បានចោទប្រកាន់អារ៉ាប៊ីសាអូឌីតត្រង់ៗតែម្ដងថា បានចាប់លោក Hariri ធ្វើជា ចំណាប់ខ្មាំង។ ជាងនេះទៅទៀត មន្ត្រីលីបង់ម្នាក់នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែរថាលោកប្រធានាធិបតីលី Aoun បាន ប្រាប់បណ្ដាអគ្គរដ្ឋទូតបរទេសមួយចំនួនកាលពីថ្ងៃសុក្រ ថាលោក Hariri ត្រូវបានគេចាប់ជាចំណាប់ខ្មាំង នៅក្នុងបរិបទដែលក្រុមអ្នកជំនាញមួយចំនួនព្រួយបារម្ភខ្លាចក្រែងវិបត្តិ នៅលីបង់អាចនឹងបង្កទៅជាសង្រ្គាមនៅក្នុងតំបន់រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ តែទោះជាយ៉ាងនេះក្ដី ព័ត៌មាននេះមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការនៅឡើយទេ។
គួរបញ្ជាក់ថា លោក Michel Aoun បានតែងតាំង លោក Saad Hariri ជានាយករដ្ឋមន្ត្រីលីបង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយលោកបានប្រកាសលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ ផ្អើលកាលពីថ្ងៃទី០៤ ខែវិច្ឆិកា សប្ដាហ៍មុន៕