(ដាណាង)៖ ប្រធាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកជឿជាក់លើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន សម្រាប់ការបដិសេធថា រុស្ស៊ីមិនបានលូកដៃចូលក្នុងកិច្ច ការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ បើទោះជាទីភ្នាក់ងារស៊ើបការសំងាត់អាមេរិកជាច្រើននំាគ្នាចង្អុលមុខទីក្រុងមូស្គូក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីលោក និងលោក ពូទីន មានជំនួបដ៏ខី្លមួយនៅឯកិច្ចប្រជុំ APEC ក្នុងទីក្រុងដាណាង ប្រទេសវៀតណាម កាលពី ថ្ងៃសៅរ៍។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One ក្រោយចាកចេញពីកិច្ចប្រជុំ APEC ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងដូច្នេះថា៖«រាល់ពេលដែល ខ្ញុំបានលឺគាត់ (លោកពូទីន) និយាយថា «ខ្ញុំ (លោកពូទីន) មិនបានធ្វើដូច្នោះ» ខ្ញុំពិតជឿជាក់លើសម្ដីរបស់គាត់...ខ្ញុំគិតថាគាត់ត្រូវបានគេប្រមាថដោយសារតែរឿងនេះ ហើយវាក៏មិន មែនជារឿងល្អសម្រាប់ប្រទេសយើងដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅ អតីតនាយកទីភ្នាក់ងារជាតិស៊ើបការសំងាត់អាមេរិក លោក James Clapper បានឱ្យដឹងថាលោក ដូណាល់ ត្រាំ បានទទួលព័ត៌មានពីការ សន្និដ្ឋានដែលថារុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក។ ប៉ុន្តែទីក្រុងមូស្គូបានទាត់ចោលរាល់ការប្រកាន់ទាំងឡាយមកខ្លួន រីឯលោកត្រាំផ្ទាល់ក៏ធ្លាប់អះអាងដែរថាទីក្រុង មូស្គូមិនបានជួយលោកឱ្យជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឡើយ៕