(ហាណូយ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានយល់ព្រមពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការអភិវឌ្ឍន៍កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃអាទិត្យ ទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៧។
«ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានយល់ព្រមពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង»។ នេះបើតាមការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅអំឡុងដំណើរទស្សន កិច្ចក្នុងប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចរយៈពេលវែងនៃប្រធានាធិបតីអាមេរិក មកកាន់តំបន់អាស៊ី កើតមានឡើងនៅចំពេលស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើង កម្ដៅ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ រីឯសហរដ្ឋអាមេរិកចេះតែបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក និងនាវាផ្ទុកយន្ដហោះចម្បាំងមកកំញើញ ទីក្រុងព្យុងយ៉ាង។ ដោយឡែក ជុំវិញដំណើរទស្សកិច្ចនេះដែរ កាលពីថ្ងៃសៅរ៍ កូរ៉េខាងជើង បានស្វាគមន៍ លោក ដូណាល់ ត្រាំ ជាមួយការគំរាមបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ ហើយថាគំនិតស្វែងរកកិច្ចចរចាស្ដីពីអាវុធនុយក្លេអ៊ែរគ្រាន់តែជាសុបិន្តមួយតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍ផងដែរ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ជាថ្មីឡើងវិញថា គ្មានមេដឹកនាំផ្ដាច់ការអាមេរិកណាម្នាក់អាចមើលស្រាលលើដំណោះស្រាយរបស់
សហរដ្ឋអាមេរិកនោះទេ ហើយដែលនេះត្រូវបានគេមើលឃើញថាលោកចង់សំដៅទៅលើកូរ៉េខាងជើង និងលោក គីម ជុងអ៊ុន៕