(ដាណាង)៖ ក្រោយពីលោក ដូណាល់ ត្រាំ សម្រេចដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនៃភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក ហៅកាត់ថា TPP ដើម្បីតែគោលនយោបាយ «តម្កល់ផលប្រយោជន៍អាមេរិកជាធំ» នោះ អនាគតរបស់កិច្ចព្រមព្រៀង TPP ក៏បានជួបប្រទះភាពមិនច្បាស់លាស់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំ APEC នៅឯប្រទេសវៀតណាមនាចុងសប្តាហ៍នេះ បានឲ្យតំរុយថាកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីនេះ ទំនងជាពុំទាន់អស់ន័យនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយឡែកថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសៅរ៍ រដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានប្រាប់ថា ដើម្បីអាចចូលជាធរ មានពេញលេញបាន បទប្បញ្ញត្តិថ្មីទាំងឡាយនៃកិច្ចព្រមព្រៀង TPP ដែលត្រូវបានធ្វើកំណែទម្រង់ និងផ្លាស់ប្តូរឈ្មោះទៅជា CPTPP នេះ ចាំបាច់ត្រូវតែទទួល បានការចុះហត្ថលេខា ពីសំណាក់ប្រទេសជាសមាជិកយ៉ាងហោចណាស់ក៏ចំនួន០៦ប្រទេសដែរ។
កិច្ចពិភាក្សាស្តីពីលទ្ធភាពនៃការស្រោចស្រង់ កិច្ចព្រមព្រៀងពាណិជកម្មសេរីខាងលើឡើងវិញនេះ បានប្រព្រឹត្តទៅក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសចំនួន១១ ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC។ បើតាមលោក Anh សមាជិក TPP បានយកឈ្នះលើផ្នែកដែលលំបាកជាងគេរួចហើយ។ ទោះជាបែបនេះក្តី កិច្ចព្រមព្រៀងនេះ នៅតែត្រូវការកែលម្អជាចុងក្រោយ ខណៈរដ្ឋមន្រ្តីពាណិជកម្មនៃប្រទេសទាំង១១ បានប្រកាសត្រឹមកិច្ចព្រមព្រៀងបឋមប៉ុណ្ណោះ ហើយនៅមានកិច្ចការលម្អិតមួយចំនួនទៀត ដែលត្រូវដោះស្រាយ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង TPP ដែលមានគោលដៅលុបបំបាត់រនាំងពាណិជ្ជកម្ម ក្នុងចំណោមបណ្តាប្រទេសហត្ថលេខីនោះ ដំបូងឡើយត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ដោយអូស្រ្តាលី ប៊្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ីកូ ប៉េរូ នូវែលសេឡង់ សិង្ហបុរី វៀតណាម និងសហរដ្ឋអាមេរិក តែកាលពីខែមករាដើមឆ្នាំនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីបានក្លាយជាប្រធានាធិបតីថ្មីរបស់អាមេរិក ក៏បានចេញបញ្ជាឲ្យដកប្រទេសរបស់លោក ចេញពីកិច្ចព្រមព្រៀងនេះ ដោយលោកជឿថា វាប្រឆាំងនឹងផលប្រយោជន៍ជាតិអាមេរិក៕