(ដាណាង)៖​ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតិកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃសៅរ៍ម្សិលមិញនេះ បានប្តេជ្ញាជាថ្មី​ម្តងទៀតចំពោះកិច្ចប្រឹងប្រែងរួម ក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដោយសន្តិវិធី នាអំឡុងកិច្ចប្រជុំកំពូល APEC នៅឯប្រទេសវៀតណាម ដែលនេះគឺជាការបង្ហាញឲ្យឃើញពី ចេតនាផ្សះផ្សាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែល​បានធ្លាក់ចុះដុនដាប ដោយសារតែការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក នៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាម​ការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមសេចក្តីថ្លែងការណ៍របស់ វិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae ស្តីពីជំនួបក្រៅផ្លូវការរវាងលោក ស៊ី និងលោក មូន មេដឹកនាំទាំងពីរ បានបង្ហាញទស្សនៈដូចគ្នាលើភាពចាំបាច់ ក្នុងការគ្រប់គ្រងដោយស្ថិរភាព ចំពោះ​ស្ថាន​ការណ៍សន្តិ​សុខ​បច្ចុ​ប្បន្ន​ នៅ​ក្នុងតំប​ន់ឧបទ្វីបកូរ៉េ ទាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែរព្រមទាំងមីស៊ីលផ្លោង របស់កូរ៉េខាងជើង ហើយបានឯកភាពគ្នាថា នឹង​ធ្វើ​ការដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី ពោលគឺតាមរយៈកិច្ចសន្ទនាចរចា។ ដើម្បីសម្រេចបានយ៉ាងដូច្នោះ ប្រទេស​ទាំង​ពីរ បានយល់ស្រប ក្នុងការពង្រឹងកិច្ចសន្ទនាយុទ្ធសាស្រ្តលើបញ្ហាកូរ៉េខាងជើង។

គួរជម្រាបថា មេដឹកនាំទាំងពីរក៏បានយល់ព្រមថា នឹងបន្តកិច្ចពិភាក្សាតទៅទៀត នាខែក្រោយផងដែរ នៅពេលដែលលោកប្រធា​នាធិបតីកូរ៉េខាងត្បូង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគីជាលើកទី០៣ រវាងប្រទេសទាំងពីរ ខណៈការជួបគ្នាចុងក្រោយបំផុតរបស់លោក ស៊ី និងលោក មូន បាន គឺត្រូវបានធ្វើឡើងកាលពីខែកក្កដាកន្លងទៅ នៅ​ឯ​ទីក្រុង​ប៊ែរឡាំង មុនការបើកកិច្ចប្រជុំ​ G20 នៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់៕