(ដាណាង)៖ ទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជាលើកដំបូងនៅឯវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកនាំពាក្យលោក ឌូតឺតេ លោក Harry Roque បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបរវាងមេដឹកនាំទាំងពីរ បានប្រព្រឹត្តទៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល ហើយលោកទាំងពីរមានក្តីត្រេកអរជាខ្លាំង នៅពេលដែលបានជួបមុខគ្នាផ្ទាល់បែបនេះ។ នាឱកាសនោះ លោក ដូតឺតេ បានប្រាប់លោក ត្រាំ ថានឹងជួបគ្នាម្តងទៀតនៅថ្ងៃស្អែក។
គួរជម្រាបថា ប្រមុខដឹកនាំនៃប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងទីក្រុងដាណាង នៃប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំ APEC ហើយលោក ដូណាល់ ត្រាំ នាថ្ងៃអាទិត្យស្អែក នឹងត្រូវបន្តឆ្ពោះទៅកាន់រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន សម្រាប់កិច្ចប្រជុំអាស៊ាន ដែលវាគឺជាគោលដៅចុងក្រោយ នៃដំណើរបំពេញទស្សនកិច្ចរយៈពេល ១២ថ្ងៃរបស់លោក នៅទ្វីបអាស៊ី៕