(អាមេរិក)៖ ទីភ្នាក់ងារស៊ើបអង្កេតអាមេរិក FBI កំពុងផ្តល់ឧទាហរណ៍ដ៏គ្រោះថ្នាក់មួយចំពោះពិភពលោក តាមរយៈការចូលលុកលុយក្នុងប្រព័ន្ធកុំព្យូទ័រ ដែលហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ដែលប្រការនេះបាន និងកំពុងធ្វើឲ្យសហរដ្ឋអាមេរិក បើកចំហចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែតជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោតាមសារព័ត៌មានអាមេរិក Daily Beast ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា FBI ដែលធ្វើការ Hack ទៅលើប្រព័ន្ធកុំព្យូទ័រទូទាំងពិភពលោក នៅក្នុងប្រតិបត្តិការមិនចេះចប់ តាមលុបបំបាត់រឿងអាសអាភាសកុមារនោះ បានរកឃើញថា មធ្យោបាយដ៏ឆ្គាំឆ្គងរបស់ពួកគេ កំពុងតែជះផលវិបាកត្រឡប់មកវិញជាប្រចាំ នៅពេលទាក់ទងនឹងប្រទេសនានា ដែលមានទំនាក់ទំនងមិនល្អជាមួយអាមេរិក ជាពិសេសរុស្ស៊ី អ៊ីរ៉ង់ និងចិន។
នៅពេលដែល FBI បានបើកប្រតិបត្តិការមានឈ្មោះថា Operation Pacifier របស់ខ្លួន កាលពីឆ្នាំ២០១៥ ដែលសំដៅតាមស្វែងរក អ្នកដែលចូលទស្សនាវែបសាយរឿងអាសអាភាសរបស់កុមារ «Playpen» នោះ ទីភ្នាក់ងារស៊ើបអង្កេតនេះ បានបង្កប់មេរោគទៅលើគេហទំព័រនេះ ដែលនឹងរាតត្បាតទៅកាន់កុំព្យូទ័រនានាជុំវិញពិភពលោក។ ក្រោយមក FBI បានចូលលុកលុយក្នុងគ្រប់កុំព្យូទ័រ ដែលពួកគេរកឃើញថា បានឆ្លងមេរោគនេះ ដោយពុំដឹងច្បាស់ពីប្រភពប្រទេស ឬក៏ខ្វល់ថា តើកុំព្យូទ័រទាំងនោះ ជាប់សង្ស័យក្រោមបទឧក្រិដ្ឋដែរ ឬក៏អត់ឡើយ។
គួរបញ្ជាក់ថា បើតាម Daily Beast ទីភ្នាក់ងារ FBI បាន Hack ប្រព័ន្ធកុំព្យូទ័រជាង ៨,០០០គ្រឿង នៅតាមប្រទេសចំនួន ១២០ ជុំវិញពិភពលោក ដែលទង្វើនេះវាហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរអាមេរិក។ ម៉្យាងវិញទៀត ក្រុមអ្នកជំនាញ បានព្រមានថា ក្រៅតែពីការបំផ្លិចបំផ្លាញទំនាក់ទំនងការទូត សកម្មភាពនេះ ក៏ទំនងជាផ្តល់ឱកាសឲ្យប្រទេសប៉ះពាល់ទាំងឡាយធ្វើការ Hack លើប្រព័ន្ធកុំព្យូទ័រនៅលើទឹកដីអាមេរិកវិញបានយ៉ាងងាយផងដែរ៕