(ដាណាង)៖ មេដឹកនាំមហាអំណាចយោធា​កំពូលៗ ទាំងពីរលើលោក គឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេចចេញ​​សេចក្តីថ្លែងការណ៍​រួ​មគ្នា ស្តីអំពីបញ្ហា​ប្រទេសស៊ីរី ជាផ្នែកមួយនៃជំនួប​ក្រៅផ្លូវការ​មួយភ្លែត ដាច់ដោយឡែក​ពីកិច្ចប្រជុំ APEC។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាម​សេចក្តីថ្លែងការណ៍រួមនេះ បានបញ្ជាក់ថា «ប្រធានាធិបតី​ទាំងពីរូប បានព្រមព្រៀង​គ្នាពង្រឹងទំនាក់ទំនង​យោធារវាងគ្នាដែលមានប្រាប់ ដើម្បីធានាឲ្យបាននូវសន្តិសុខ​របស់​​កងកម្លាំងអាមេរិក និងរុស្ស៊ី ក៏ដូចជាការពារ​ការកើតមាន ឧប្បដិហេតុ​គ្រោះថ្នាក់នានា ទៅលើ​កងកម្លាំង​សម្ព័ន្ធមិត្ត​​ទាំងឡាយ ដែលកំពុងប្រយុទ្ធប្រឆាំង​នឹងក្រុម ISIS នៅក្នុងទឹកដីស៊ីរី»

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរយៈពេលខ្លី ដាច់ដោយឡែកពី APEC ដែលកំពុងប្រារព្ធឡើង​នៅទីក្រុងដាណាង ភាគកណ្តាលប្រទេសវៀតណាម មេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិក​ក៏បាន​បញ្ជាក់ឡើងវិញផងដែរ អំពីកិច្ចប្តេជ្ញាចិត្តរៀងៗខ្លួន ក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីរបស់រុស្ស៊ី ហើយអាមេរិក និងរុស្ស៊ី ក៏បានអំពាវនាវឲ្យគ្រប់ភាគី​ទាំងអស់ ចូលរួមនៅក្នុងដំណើរការដោះស្រាយជម្លោះ នៃទីក្រុងហ្ស៊ឺណែវផងដែរ។ បន្ថែមពីនេះ លោក ត្រាំ និង លោក ពូទីន ក៏បង្ហាញការប្តេជ្ញារួមគ្នា ដើម្បីកម្ចាត់ក្រុមភេរវករ ISIS ដែលជាសត្រូវរួម៕