(ម៉ានីល)៖ បណ្តាមេដឹកនាំមកពីអាស៊ី និងប៉ាស៊ីហ្វិក នឹងជួបជុំគ្នានៅរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីននាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗ នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមមន្រ្តីកិច្ចការទូតអាស៊ាន ដែលបានសុំមិនបញ្ចេញអត្តសញ្ញាណ របៀបវារៈសំខាន់ៗនៃជំនួបខាងលើ នឹងរួមមានបញ្ហាភេរវកម្ម, ការធ្វើពាណិជ្ជកម្មសេរី, និងបញ្ហាសន្តិសុខតំបន់ជាដើម។ នាសប្តាហ៍ក្រោយ មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិក នឹងធ្វើការព្រមានពីគ្រោះថ្នាក់នៃក្រុមសកម្មប្រយុទ្ធគាំទ្រ ISIS រួមទាំងការរីករាលដាលនៃអំពើភេរវកម្មឆ្លងដែនជាដើម ហើយនឹងពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់បញ្ហាចម្បងនេះ។
បើតាមប្រភពដដែលនាសប្តាហ៍ក្រោយ មេដឹកនាំនៃប្រទេស ដែលកំពុងចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ថា RCEP ក៏ត្រូវគេរំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍រួមផងដែរ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរដ្ឋជាសមាជិកអាស៊ានទាំង ១០ ព្រមទាំងប្រទេសជាដៃគូពាណិជកម្មចំនួន ០៦ រួមមាន អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ កំពុងមានក្តីសង្ឃឹមថា នឹងត្រូវបង្កើតឡើងបាន។
គួរបញ្ជាក់ថា សម្រាប់វបៀបវារៈធំចុងក្រោយ មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិក នឹងពិភាក្សាអំពីបញ្ហាសន្តិសុខ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ ហើយនឹងផ្លាស់ប្តូរទស្សនៈស្តីពីការមិនរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ, សន្តិសុខប្រព័ន្ធអ៊ីនធើណែត, និងជំនួយមនុស្សធម៌ ក៏ដូចជាជំនួយសង្គ្រោះគ្រោះមហន្តរាយជាដើម៕