(កាលីហ្វរញ៉ា)៖ ទឹកប្រាក់ចំនួន ២៣លានដុល្លារ ត្រូវបានប្រមូលយកពីការប្រគុំតន្ត្រីសប្បុរសធម៌ដ៏ធំមួយ នៅក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ក្រោយពីកើតមានករណីភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅភាគខាងជើង និងកណ្តាលរដ្ឋកាលពីខែមុន ដែលបានបណ្តាលឲ្យមនុស្ស ៤៣នាក់ស្លាប់, លំនៅឋាន និងអគារនានា ៨,៩០០ខ្នង ឆេះខ្ទេចខ្ទី, និងព្រៃឈើ ២៤៥,០០០ហិកតា ឆេះគ្មានសល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Jerry Brown អភិបាលរដ្ឋកាលីហ្វរញ៉ា បានហៅករណីភ្លើងឆេះព្រៃខាងលើនេះថា ជាមហន្តរាយដ៏អាក្រក់បំផុតប្រចាំរដ្ឋភាគនិរតីនេះ ដែលមិនធ្លាប់មាននោះឡើយនៅក្នុងប្រវត្តិសាស្ត្រ ហើយវាបានចាប់ផ្តើមដំបូងកាលពីថ្ងៃទី០៨ ខែតុលា ពីភាគខាងជើងរដ្ឋតែម្តង។ សម្រាប់ការប្រគុំតន្ត្រៃដើម្បីរៃអង្គាសប្រាក់វិញ គឺត្រូវបានធ្វើឡើងដោយមានការជួយផ្សព្វផ្សាយ តាមរយៈបណ្តាញសង្គម Twitter និង Youtube ផងដែរ ហើយអង្គការមួយចំនួន ក៏ជួយក្នុងសកម្មភាពនេះថែមទៀត។
គួរបញ្ជាក់ថា ប្រាក់ដែលត្រូវបានរៃអង្គាសទាំង ២៣លានដុល្លារ នឹងត្រូវប្រគល់ទៅតាមកម្រិតរងគ្រោះ និងផ្តោតសំខាន់ទៅលើក្រុមគ្រួសារ ដែលមានប្រាក់ចំណូលទាប និងមធ្យម បូករួមទាំងជនភៀសខ្លួន និងជនរងគ្រោះក្នុងកម្រិតធ្ងន់ធ្ងរជាងគេ។ មនុស្សម្នាប្រមាណជាង ៤០,០០០នាក់ បានមកប្រមូលផ្តុំនៅកន្លែងប្រគុំតន្ត្រី ក្នុងតំបន់ Bay Area កាលពីយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅ L.A) ខណៈសំបុត្រសរុប ៦,៥០០សន្លឹក ត្រូវបានលក់៕