(បាងកក)៖ ចំណោមប្រទេសចំនួន ៨០ នៅទូទាំងពិភពលោក ដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាសំខាន់មួយ ក្នុងទំនាក់ទំនងអន្តរជាតិ បន្ទាប់ពីភាសាជាតិផ្លូវការរបស់ពួកគេរៀងៗខ្លួន គេសង្កេតឃើញថា ការសិក្សានៅឆ្នាំ២០១៧នេះ ប្រទេសថៃដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងមួយដែរនៅក្នុងតំបន់ និងមានភ្លៀវទេសចរចំរុះជាតិសាសន៍ មកទស្សនាក្នុងមួយឆ្នាំៗនោះ បែរជាមានការយល់ដឹង និងប្រើប្រាស់ភាសាអង់គ្លេស បានក្នុងកម្រិតទាបជាងគេទៅវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
នេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសថៃ ដែលនៅតែទទួលបានពិន្ទុទាបបែបនេះ (គឺ លេខរៀងទី ៥៦ ក្នុងចំណោម ៨០ប្រទេស) ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការអំពាវនាវរបស់រដ្ឋាភិបាល ជាពិសេសគ្រឹះស្ថានអប់រំទាំងសាធារណៈ និងឯកជន ឲ្យបង្កើនការយល់ដឹងផ្នែកភាសាអង់គ្លេសនោះ ហាក់នៅតែគ្មានប្រសិទ្ធភាពដដែល ខណៈដែលប្រជាជាតិអាស៊ានមួយនេះត្រូវបានគេយល់ដឹងថា តែងតែមានគំនិតជាតិនិយមខ្ពស់ ជាពិសេស ចំពោះការប្រើប្រាស់ភាសាជាតិរបស់ខ្លួនជាគោលនោះ។
គួរបញ្ជាក់ថា លទ្ធផលនៃការសិក្សាថ្មីចេញនៅឆ្នាំ២០១៧នេះ ធ្វើឡើងដោយវិទ្យាស្ថានភាសាសកល ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានធ្វើតែស្តទៅលើយុវវ័យចំនួនជាង ១លាននាក់ ដែលត្រូវធ្វើតែស្តភាសាអង់គ្លេសកម្រិត EF (EF SET) ដែលត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៦ ហើយក្នុងនោះ ប្រទេសថៃឈរនៅលេខរៀង ៥៦ (៤៩.៧៩ពិន្ទុ) ហើយប្រទេសដែលជាប់លេខ ១ គឺហូឡង់ (៧១.៤៥ពិន្ទុ)។
សម្រាប់បណ្តាប្រទេសដែលទទួលបានពិន្ទុទាបបំផុត គឺប្រទេសឡាវ ស្ថិតនៅលេខរៀងក្រោមគេ ៨០ (៣៧.៥៦ពិន្ទុ), អ៊ីរ៉ាក់ ៧៩ (៣៨.១២ពិន្ទុ), លីប៊ី (៣៨.៦១ពិន្ទុ), កម្ពុជា ៧៨ (៤០.៨៦ពិន្ទុ), និង អាល់ហ្សេរី ៧៧ (៤២.១១ពិន្ទុ)។ ដោយឡែកបណ្តាប្រទេសក្នុងតំបន់ អាស៊ីដែលទទួលពិន្ទុខ្ពស់ៗ គឺសិង្ហបុរីឈរលេខ ១២, ម៉ាឡេស៊ី ១៣, ហ្វីលីពីន ១៥, ឥណ្ឌា ២៧, ហុងកុង ២៩, កូរ៉េខាងត្បូង ៣០, វៀតណាម ៣៤, ជប៉ុន ៣៧, និង ឥណ្ឌូណេស៊ី ៣៩ ក្នុងចំណោមប្រទេសទាំងអស់ ៨០ប្រទេស ដែលប្រើប្រាស់អង់គ្លេសជាភាសាបន្ទាប់៕