(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានសន្យារួមគ្នាថា នឹងជំរុញគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ពន្លឿនការបោះបង្គោលព្រំដែនគោក ឲ្យបានរួចរាល់នៅឆ្នាំ២០១៨ខាងមុខនេះ ហើយក៏ នឹងប្រឹងប្រែងកសាងព្រំដែនរួមគ្នាមួយដែលមានសុខសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍ ផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។

ការថ្លែងសន្យារបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបមុនការស្រស់ស្រូបអាហារពេលព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីវៀតណាម នៅក្នុងទីខេត្តដាណាង ប្រទេសវៀតណាម ជាទីកន្លែងសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន ជាមួយមេដឹកនាំ APEC។

ប្រទេសកម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ហើយបច្ចុប្បន្នការបោះបង្គោលព្រំដែនសម្រេចបាន ប្រមាណ ៨៤ភាគរយហើយ។

ក្នុងកិច្ចសន្ទនាមុនអាហារការងារពេលព្រឹក មានរយៈពេលប្រមាណ២០នាទី នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសការខិតខំរួមគ្នាក្នុងជំរុញកំណើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកាន់តែខ្ពស់ថែមទៀត ដូចអ្វីដែលធ្លាប់បានសន្យាជាមួយគ្នាកាលពីពេលកន្លងទៅ។

ក្នុងជំនួបគ្នានោះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើទំនាក់ទំនងទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយក ចិត្តទុកដាក់ដូចគ្នា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបសំណេះសំណាលជាមួយលោក ត្រាន់ ដាយក្វាន ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក ត្រាន់ ដាយក្វាន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ដែលបានឆ្លើយតបតាមការអញ្ជើញរបស់លោក ទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងមេដឹកនាំអាស៊ាន ជាមួយនិងមេដឹកនាំ APEC។

ប្រធានរដ្ឋវៀតណាម បានថ្លែងកោតសរសើរនូវសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន និង APEC ដែលប្រកបដោយអត្ថន័យជ្រាលជ្រៅបំផុត ក្នុងការខិតខំរកដំណោះស្រាយ និងផលប្រយោជន៍សម្រាប់តំបន់ទាំងមូល ពិសេសការតភ្ជាប់គ្នារវាងបណ្តាប្រទេសអាស៊ាន និង និងប្រទេស APEC។

ក្នុងកិច្ចសន្ទនានោះ ប្រធានរដ្ឋរបស់វៀតណាម និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ សម្រាប់ប្រទេសទាំងពីរកម្ពុជា-វៀតណាម ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ជាមួយគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តាមរយៈនោះមេដឹកនាំនៃប្រទេសទាំងពីរ បានស្នើរួមគ្នាក្នុងជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច ពីគ្រប់ផ្នែកទាំងអស់ ពិសេសរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕