(ដាណាង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ រវាងសមាជិកនៃវេទិកា «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក» ហៅកាត់ថា APEC និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយ APEC គឺជាវេទិកាដ៏មានឥទ្ធិពលបំផុត សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយអាស៊ានគឺជាអង្គការសមាហរណកម្មក្នុងតំបន់ ដែលមានសារៈសំខាន់ និងសក្តានុពលខ្ពស់ថែមទៀតនោះ យន្តការទាំងពីរនេះ នឹងទទួលបានអនាគតដ៏ត្រចះត្រចង់ រួមជាមួយដោយក្តីរីករាយជាក់ជាពុំខាន បើមានការសហការគ្នាកាន់តែជិតស្និទ្ធ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ស៊ី ត្រូវបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាក្រៅផ្លូវការមួយ រវាងមេដឹកនាំមកពីភាគីទាំងសងខាង ដោយនាឱកាសនោះលោកប្រធានាធិបតីចិន បានលើកឡើងអំពីទស្សនវិស័យ និងគោលការណ៍រួម រវាងយន្តការទាំងពីរ៕