(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរចិនដ៏ធំដំបូង ត្រូវបានផលិតនៅក្នុងស្រុក បានធ្វើការហោះហើរសាកល្បងឆ្លងកាត់ទីក្រុងមួយ ទៅទីក្រុងមួយទៀតដោយជោគជ័យ ដែលនេះគឺជាក្តីរំពឹងខ្ពស់មួយ ក្នុងការបង្កើនមុខមាត់នៃពាណិជ្ជកម្ម លើវិស័យអាកាសចរណ៍របស់ចិន នៅលើឆាកអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យន្តហោះធុនធំដំបូងផលិតដោយចិន និងខ្នាតមធ្យមរបស់អន្តរជាតិនេះ ត្រូវបានក្រុមជំនាញធ្វើតេស្តសាកល្បង ធ្វើការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Pudong នៃទីក្រុងសៀងហៃ កាលពីវេលាម៉ោង ១១៖៣៨នាទីព្រឹកថ្ងៃសុក្រ និងបានទៅដល់មូលដ្ឋាននៃការធ្វើតេស្ត ស្ថិតនៅក្នុងតំបន់ Xi'an Yanliang ស្ថិតនៅក្នុងខេត្តហ្សានស៊ី នៅវេលាម៉ោង ២៖០០នាទីរសៀលថ្ងៃដដែល ហើយនេះជាការធ្វើតេស្តជោគជ័យ នៃការធ្វើដំណើរឆ្ងាយបំផុតរបស់ C919 គឺ ១,៣០០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ៧,៨គីឡូម៉ែត្រ។
យន្តហោះដឹកអ្នកដំណើរ C919 ដែលជាស្នាដៃផលិតឡើងដោយផ្ទាល់របស់ក្រុមហ៊ុនរដ្ឋឈ្មោះថា សហគ្រាសផលិតយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន (COMAC) នៅទីបំផុតបានធ្វើដំណើរចាកចេញឆ្ពោះទៅកាន់ផ្ទៃអាកាស នៅឯអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong នៅតំបន់ឆ្នេរភាគខាងកើតចិន បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តគ្រប់ទម្រង់ព្រមទាំងត្រូវបានទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពផ្លូវអាកាសអន្តរជាតិនោះ។
គួរបញ្ជាក់ថា C919 មានសមត្ថភាពផ្ទុកអ្នកដំណើរពី ១៥៦នាក់ ទៅ ១៦៨នាក់ ដែលចិនប្តេជ្ញាថា នឹងធ្វើការប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និង Airbus A320 ដែលកំពុងតែពេញនិយមបំផុតលើលោក នាពេលបច្ចុប្បន្ន។ មួយវិញទៀតក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនទទួលបានការកក់យន្តហោះប្រភេទ C919 នេះចំនួន ៥៧០គ្រឿងហើយពីក្រុមហ៊ុនចំនួន ២៣ ហើយសម្រាប់តម្លៃនោះ គឺមួយគ្រឿងខ្ទង់ ៥០លានដុល្លារអាមេរិក ថោកជាងប្រភេទដូចគ្នារបស់ក្រុមហ៊ុន Boeing និង Airbus រហូតដល់ទៅ ៣០ភាគរយ។ សម្រាប់ក្រុមហ៊ុនដែលយក C919 មកបម្រើអតិថិជនដំបូងវិញនោះគឺ អាកាសចរណ៍ភាគខាងកើតចិន China Easter Airlines៕