(រីយ៉ាដ)៖ បណ្ដាមហាសេដ្ឋីពាន់លានជាច្រើននាក់ នៅអារ៉ាប៊ីសាអូឌីត កំពុងប្រញាប់ប្រញាល់យកទ្រព្យសម្បត្តិរបស់ពួកគេ ចេញពីប្រទេស មុននឹងក្រុមមន្ត្រីរឹបអូសប្រាក់ជាង ៨០០ពាន់លានដុល្លារ ខណៈមនុស្សច្រើនជាង ២០០នាក់ ត្រូវបានចាប់ខ្លួនក្រោមក្របខណ្ឌនៃយុទ្ធនាការបោសសំអាត អំពើពុករលួយដឹកនាំដោយ រាជទាយាទ គឺព្រះអង្គម្ចាស់ Mohammed bin Salman។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Mail នៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមវែបសាយ Daily Mail ក្រុមគ្រួសាមហាសេដ្ឋីអាប៊ីសាអូឌីតមួយចំនួន បាននិងកំពុងចរចាជាមួយធនាគារ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីបង្វិលទ្រព្យសម្បត្តិរបស់ពួកគេ ចេញពីប្រទេស ដោយខា្លចក្រែងថា ត្រូវបានរឹបអូសដោយអាជ្ញាធរប្រឆាំងអំពើពុករលួយ។ ដោយឡែក ជុំវិញសេចក្ដីរាយការណ៍នេះដែរ អគ្គព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា មនុស្ស ២០៨នាក់ ត្រូវបានកោះហៅមកសាកសួរនៅក្នុងការស៊ើបអង្កេតដែលបានវាយតម្លៃថា ប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានគេប្រើប្រាស់ដោយខុសច្បាប់ តាមរយៈការកេងប្រវ័ញ្ច និងប្រព្រឹត្តអំពើពុករលួយ។ បន្ថែមពីលើនេះ ក្នុងពេលបច្ចុប្បន្នគណនីធនាគារ ១,៧០០ ត្រូវបានបង្កកជាបណ្ដោះអាសន្ន រីឯទ្រព្យសម្បត្តិមួយចំនួនត្រូវបានរឹបអូសដោយរដ្ឋាភិបាល។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ មនុស្ស ០៧នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាព ដោយគ្មានការចោទប្រកាន់ ហើយមនុស្ស ២០១នាក់ កំពុងជាប់ឃុំនៅឡើយ។ កាលពីសប្តាហ៍មុននេះ ក៏មានសេចក្តីរាយការណ៍ផងដែរ អំពីការចាប់ខ្លួនបុត្រា ១១អង្គ និងដករដ្ឋមន្ត្រី ០៤រូប ពាក់ព័ន្ធនឹងអំពើពុករលួយ នៅក្រោយអាជ្ញាធររបស់ ព្រះបុត្រាស្នងរាជ្យ៕