(អ៊ីស្តង់ប៊ុល)៖ ក្រៅពីរដ្ឋធានី​អង់ការ៉ា នាថ្ងៃសុក្រនេះ​ប៉ូលិសតួកគី បានបន្តបើកប្រតិបត្តិការ​បោសសម្អាត​បណ្តាញ ISIS នៅទីក្រុង​​​អ៊ី​ស្តង់​​ប៊ុល ព្រមទាំងខេត្ត​អាដាណា ភាគខាងត្បូង​ប្រទេស ដោយលើកនេះ​ជនសង្ស័យចំនួន ៩៣នាក់ថែមទៀត ត្រូវបានចាប់ឃាត់​ខ្លួន​។​ នេះបើតាម​សេចក្តីរាយការណ៍​ របស់ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកតួកគី ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅ​រសៀល​​ថ្ងៃ​​សុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមការគូសបញ្ជាក់​របស់ទីភ្នាក់ងារ​ព័ត៌មានរដ្ឋតួកគី Anadolu ជនសង្ស័យទាំងអស់​ខាងលើ សុទ្ធតែជា​ជនបរទេស ដោយ ៨២នាក់ ក្នុង​ចំណោម​នោះ​ត្រូវចាប់ខ្លួនបាន ក្នុងអំឡុង​ពេលប្រតិបត្តិការ​ព្រមៗគ្នា ធ្វើឡើងនៅតាម​ទីតាំងចំនួន ១៤ទីតាំង ក្នុងទីក្រុង​អ៊ីស្តង់ប៊ុល ខណៈជនជាតិ​ស៊ីរី ១១នាក់ ត្រូវបានឃាត់​ខ្លួននៅ​ខេត្ត Adana។

គួរជម្រាបថា កាលពីម្សិលមិញ​កងកម្លាំងសមត្ថកិច្ច​តួកគី បានបើក​ប្រតិបត្តិការ​​ក្តៅគគុក ចាប់ឃាត់ខ្លួន​បាន​​ជន​សង្ស័យ​​ជា​បណ្តាញ​​ក្រុម ISIS សរុប​​ចំនួន​ ១០១នាក់ នៅក្នុងរដ្ឋធានី​អង់ការ៉ា​។ លើសពីនេះ​ទៀត កាលពីចន្លោះ​​ថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា​ថ្មីៗនេះ អាជ្ញាធរតួកគី ក៏បានបើក​ប្រតិបត្តិការ​​​ប្រឆាំង ISIS នៅតាម​បណ្តា​​ខេត្តចំនួន ២៥ ទូទាំង​ប្រទេស​​​ផងដែរ ដោយកាលនោះ​កម្លាំងប៉ូលិស ​​បានធ្វើការឃាត់​ខ្លួន​អ្នកប្រយុទ្ធ​​ជាក្រុម​ភេរវករ​នេះ​​ចំនួន​​ ២៨៣​​នាក់ បូក​រួមនិង​​គ្រឿងផ្ទុះ ៦៦គ្រឿង ព្រមទាំងអាវុធ​មួយចំនួន​​ទៀត៕