(ហាណូយ)៖ គ្រាន់តែបានជាន់ដីវៀតណាមភ្លាម លោក ដូណាល់ ត្រាំ បានបង្ហាញប្រាប់គេឯងជាមុនទៅហើយ ពីគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ American First របស់លោក និងឲ្យប្រទេសដទៃត្រូវធ្វើដូច្នេះដែរ។ ប្រធានាធិបតីអាមេរិករូបនេះ ថែមទំាងបានក្រើនរំលឹកត្រង់ៗទៀតដែរថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអត់ឱនឱ្យឡើយ រាល់ទង្វើរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយក៏នឹងមិនបណ្ដោយឱ្យប្រទេសណាមួយ ទាញយកប្រយោជន៍ទទេៗ ពីការធ្វើពាណិជ្ជកម្មជាមួយអាមេរិកជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) រៀបចំឡើងក្នុងទីក្រុងដាណាំង ប្រទេសវៀតណាម។ ថ្លែងនាឱកាស នោះដែរអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន ធ្វើការជាមួយបណ្ដាប្រទេស APEC ដរាបណាពួកគេ គោរពតាមការធ្វើពាណិជ្ជកម្ម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយយុត្តិធម៌។
គួរបញ្ជាក់ថា APEC មានសមាជិក ២១ប្រទេស មកពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំណាងឱ្យ ៦០ភាគរយ នៃ GDP ពិភពលោក។ ម្យ៉ាងវិញទៀតជាសមាជិក APEC ចំនួន ១២ ក្នុងចំណោមនោះក៏បានចូលរួមផងដែរ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក TPP ដែលត្រូវបានលោក ដូណាល់ ត្រាំ ដកប្រទេសរបស់ខ្លួនចេញវិញ កាលពីទើបឡើងកាន់អំណាច៕