សេតវិមានអាមេរិក «ប្រកាសលុបចោលព័ត៌មាន ស្តីអំពីជំនួប លោក ត្រាំ និង លោក ពូទីន» នៅវៀតណាម ក្រៅពីកិច្ចប្រជុំ APEC នោះ!
10-11-2017 14:18
(ម៉ូស្គូ)៖ សេតវិមានអាមេរិកបានប្រកាសឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងចូលរួមកិច្ចប្រជុំ APEC លើកទី ២៥ ក្នុងប្រទេសវៀតណាម ប៉ុន្តែអ្នកទាំងពីរទំនងជានឹងមិនមានកិច្ចសន្ទនា ដាច់ដោយឡែក ដូចដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយនោះទេ។ នេះបើតាមសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ ថ្លែងប្រាប់ Sputnik អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ការសម្របសម្រួលជំនួបរវាង លោក ត្រាំ និងលោក ពូទីន កំពុងដំណើរការ នៅឡើយ ប៉ុន្តែមិនទាន់ច្បាស់ថា មេដឹកនាំទាំងពីរនឹងត្រូវជួបពិភាក្សាការងារដាច់ដោយឡែក ឬក៏យ៉ាងណានោះទេ។ ដោយឡែក អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders ក៏បានឱ្យដឹងដែរថា ជំនួបរវាងមេដឹកនាំទាំងពីរ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការឡើយ ហើយពួកគាត់ក៏ទំនងជានឹងមិនមានកិច្ចសន្ទនា ដាច់ដោយឡែកដែរ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS មន្ត្រីវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា ជំនួបរវាង លោក ត្រាំ និងលោក ពូទីន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា គ្រាន់តែពេលវេលាកំពុងស្ថិតនៅក្នុងការសម្រេចចិត្តប៉ុណ្ណោះ។ លោក ពូទីន និងលោក ត្រាំ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅថ្ងៃសុក្រនេះរៀបចំឡើងក្នុងទីក្រុង Da Nang ភាគកណ្តាលប្រទេសវៀតណាម បន្ទាប់ពីមេដឹកនាំមហាអំណាចទាំងពីរបានជួបគ្នា លើកទី១ នាឱកាសចូលរួមកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់កាលពីខែកក្កដា៕