(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននឹងសាងសង់ស្ថានីយដារ៉ា នៅលើដែនសមុទ្រចំនួន ០៤ទីតាំង នៅលើកោះមួយចំនួនក្នុងសមុទ្រ ស៊ូលូ សេឡេបែស (Sulu Celebes) ដែលខណ្ឌចែកទឹកដីហ្វីលីពីន និងឥណ្ឌូណេស៊ី ក្នុងគោលបំណងជួយទីក្រុងម៉ានីល បង្រ្កាបការកើនឡើង នៃសកម្មភាពចោរសមុទ្ររបស់ក្រុមឧទ្ទាមអ៊ីស្លាម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមប្រភពព័ត៌មានខាងលើ កិច្ចព្រមព្រៀងមួយដើម្បីផ្តល់ថវិកា សម្រាប់ការដ្ឋានសាងសង់នៃមូលដ្ឋានខាងលើ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់កងឆ្មាំសមុទ្ររបស់ហ្វីលីពីន ប្រហែលជានឹងត្រូវចុះហត្ថលេខានាសប្តាហ៍ក្រោយ ដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ជាមួយនិងប្រធានាធិបតីហ្វីលីពីន លោក ដូណាល់ ត្រាំ នៅឯទីក្រុងម៉ានីល នៅពេលដែលលោក អាបេ ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីនោះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល APEC នៅវៀតណាមហើយ។
ការជួយសាងសង់ស្ថានីយប្រព័ន្ធរ៉ាដានេះ គឺស្ថិតក្នុងផ្នែកនៃកញ្ចប់ជំនួយដ៏ធំមួយ ដែលរួមមានទាំងការផ្តល់គ្រឿងបរិក្ខាសម្រាប់ឧទ្ធម្ភាគចក្រ ឲ្យយោធាហ្វីលីពីន, ការផ្តល់ហិរញ្ញវត្ថុសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ, និងការជួយស្តារឡើងវិញទីក្រុងម៉ារ៉ាវី (Marawi) ភាគខាងត្បូងហ្វីលីពីន ដែលបានទទួលរងការបំផ្លិចបំផ្លាញ ដោយសារសមរភូមិនៃសង្គ្រាមអូសបន្លាយប្រមាណ ០៥ខែ រវាងកងទ័ពរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។
គួរបញ្ជាក់ថា តាមរយៈការផ្តល់ជំនួយដ៏សន្ធឹកសន្ធាប់បែបនេះ ទីក្រុងតូក្យូកំពុងសំដៅរឹតចំណងមិត្តភាពផ្នែកសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាមួយទីក្រុងម៉ានីល ស្របពេលដែលជប៉ុន កំពុងព្យាយាមរារាំងអានុភាពរបស់ចិន ដែលកើនឡើងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជប៉ុនមើលឃើញហ្វីលីពីន ដែលមានទីតាំងភូមិសាស្រ្តនៅភាគខាងកើតសមុទ្រចិនខាងត្បូង ថាជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ក្នុងការជួយទប់ស្កាត់មិនឲ្យឥទ្ធិពលរបស់ទីក្រុងប៉េកាំង រីករាលដាលមកកាន់តំបន់ភាគខាងលិច នៃមហាសមុទ្រប៉ាស៊ីហ្វិកបាន៕