(វ៉ាស៊ីនតោន)៖ នាយកកម្មវិធីកំណែទ្រង់ CLC លោក Brendan Fischer បានរិះគន់យ៉ាងខ្លាំង ចំពោះការធ្វើវិសោធនកម្មលើច្បាប់ពន្ធដារថ្មី របស់ក្រុមសភាតំណាងរាស្ត្រ សាធារណៈរដ្ឋ ដែលនឹងធ្វើឱ្យចុះទន់ខ្សោយ នៃច្បាប់ហាមឃាត់អង្គការសប្បុរសធម៌ និងវិហារសាសនា ចូលរួមក្នុងសកម្មភាពនយោបាយ ព្រមទាំងជំរុញឱ្យមានលុយខ្មៅងងឹត ហូរចូលនៅក្នុងដំណើរការការបោះឆ្នោត នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៧។
ថ្លែងនៅលើ Twitter លោក Brendan Fischer បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើវិសោធនកម្មលើច្បាប់ពន្ធដារថ្មី នឹងធ្វើឱ្យលុយខ្មៅងងឹតគ្មានប្រភពច្បាស់លាស់ ហូរចូលក្នុង យុទ្ធនាការឃោសនាបោះឆ្នោតនៅសហរដ្ឋអាមេរិក ពីព្រោះមហាសេដ្ឋីជាម្ចាស់ជំនួយមួយចំនួន អាចនឹងប្រើវាដើម្បីជះឥទ្ធិពលលើការបោះឆ្នោតដោយលាក់កំបាំងឈ្មោះ និងដើម្បីទទួលបាន ការកាត់បន្ថយផ្នែកពន្ធសប្បុរសធម៌ផងដែរ»។
គួរបញ្ជាក់ថា ច្បាប់ហាមឃាត់សកម្មភាពមនុស្សធម៌ ក្នុងនយោបាយត្រូវបានអនុម័តកាលពីឆ្នាំ១៩៥៤ ដោយសភាក្រុមអ្នកតំណាងរាស្ត្របក្សសាធារណៈរដ្ឋ និងចុះហត្ថលេខាដោយអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក Dwight Eisenhower៕