(ប៉េកាំង)៖ បន្ទាប់ពីបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាកចេញពីរដ្ឋធានីប៉េកាំងតំណាលគ្នានឹង លោក ត្រាំ ដែរនាព្រឹកថ្ងៃសុក្រនេះ ដើម្បីឆ្ពោះទៅចូលរួមក្នុងកិច្ចប្រជុំរវាងមេដឹកនាំកំពូល ក្នុងវេទិកានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅឯប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រោយពីចូលរួមកិច្ចប្រជុំ APEC នៅក្រុងដាណាង (Da Nang) របស់វៀតណាម លោក ស៊ី នឹងធ្វើការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមផ្ទាល់ ព្រមទាំងនៅប្រទេសឡាវ ហើយនេះគឺជាការធ្វើដំណើរចេញទៅក្រៅប្រទេសជាលើកទីមួយ របស់លោក ស៊ី គិតចាប់តាំងតែពីសមាជជាតិលើកទី ២៩ នៃបក្សកុម្មុយនិស្តចិន កាលពីខែតុលាកន្លងទៅ។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃសុក្រជាមួយគ្នានេះ ក្រោយពីបានជួបពិភាក្សាជាមួយលោក ស៊ី ជិនពីង លោក ដូណាល់ ត្រាំ ក៏បានចាកចេញពីក្រុងប៉េកាំង ដើម្បីឆ្ពោះទៅកាន់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ នៅភាគកណ្តាលប្រទេសវៀតណាម ដែលទើបទទួលរងគ្រោះដោយព្យុះទីហ្វុងកំណាច សម្លាប់មនុស្សដល់ទៅជាង ១០០នាក់៕