(ម៉ូស្គូ)៖ កូរ៉េខាងជើងនឹងមានសមត្ថភាពវាយប្រហារ ដោយគ្រាប់មីស៊ីលឆ្លងទ្វីប បាញ់ដល់ទឹកអាមេរិកនៅរយៈពេលពីរទៅបីឆ្នាំខាងមុខនេះ ខណៈកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែមានរីកចំរើនទៅមុខ។ នេះបើតាមអ្នកជំនាញរុស្ស៊ី លោក Mikhaïl Oulianov ដកស្រង់ដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Mikhaïl Oulianov ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg កាលពីថ្ងៃពុធ។ លោក Oulianov បានគូសបញ្ជាក់ដូច្នេះថា «ដរាបណា គេមិនអាចស្វែងរកដំណោះស្រាយដោយសន្តិវិធីទេនោះ កូរ៉េខាងជើងមុខជានឹងមានមីស៊ីលឆ្លងទ្វីប អាចបាញ់ដល់ទឹកដីអាមេរិក ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ... ដូច្នេះយើង ត្រូវតែធ្វើយ៉ាងណា បញ្ចប់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងបច្ចុប្បន្ន ខណៈទណ្ឌកម្មប្រឆាំងនឹងរដ្ឋកុម្មុយនីស្ដមួយនេះ ទំនងជានឹងមានឥទ្ធិពលត្រឹមតែ ០៥ឆ្នាំប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បើតាមលោក Mikhaïl Oulianov រុស្ស៊ីគ្មានផ្លូវទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរជាដាច់ខាត។ តែទោះជាយ៉ាងនេះក្ដី កូរ៉េខាងជើង បានអះអាងម្ដងហើយម្ដងទៀតថា ខ្លួននឹងបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររហូតដល់ទីបំផុត ត្បិតវាគឺជាវិធានការការពារខ្លួនដ៏ប្រសើរបំផុត ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក ក៏ដូជាអាចរក្សាសន្តិភាពនៅក្នុងតំបន់ទំាងមូល៕