(ការ៉ាកាស)៖ រដ្ឋាភិបាលវេណេស៊ុយអេឡា និងគណបក្សប្រឆាំង គ្រោងនឹងដំណើរការឡើងវិញនូវកិច្ចខិតខំប្រឹងប្រែង ស្វែងរកកិច្ចសន្ទនា ហើយដែលនេះ គឺជាការប៉ុនប៉ងជាលើកបី នៃរដ្ឋបាលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងគូប្រជែងរបស់លោក ដើម្បីបំបែកភាពជាប់គាំងនយោបាយដ៏ជូចត់បច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជុំវិញកិច្ចសន្ទនានេះដែរ មេដឹកនាំគណបក្សប្រឆាំង លោក Julio Borges បាននិយាយថា បើទោះជាលោក ម៉ាឌូរ៉ូ កាលពីពេលមុនៗបានប្រើប្រាស់កិច្ចសន្ទនា សំដៅពន្យាពេលការធ្វើ កំណែទម្រង់ និងរៀបចំការបោះឆ្នោតប្រធានាធិបតីក៏ដោយ ក៏កិច្ចសន្ទនាថ្មីមួយនៅតែចំាបាច់ត្រូវធ្វើឡើង ដើម្បីឈានទៅរកការរៀបចំការបោះឆ្នោតប្រធានាធិបតីដោយសេរី និងយុត្តិធម៌។ លោក Julio Borges បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានបង្កើតទំនាក់ទំនងជាច្រើន នៅក្នុងតំបន់អាមេរិកឡាទីន និងជាមួយបណ្ដាប្រទេស និងរដ្ឋាភិបាលជាមិត្ត ដូច្នេះយើងអាចសម្រួលដល់លក្ខខណ្ឌ ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី»។
គួររំលឹកថា កាលពីខែកញ្ញាកន្លងទៅ ក្រុមគណបក្សប្រឆាំង បានដើរចេញពីកិច្ចចរចាជាមួយគ្នាគណបក្សកាន់អំណាចរបស់ លោក ម៉ាឌូរ៉ូ ដោយចោទថា ខាងរដ្ឋាភិបាលមិនបានបំពេញតាមសំណើសុំដោះលែង មេបក្សប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្ស៕