(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅឯប្រទេសចិនហើយ ហើយនាព្រឹកនេះលោកបានចាកចេញពីទីក្រុងប៉េកាំង ដើម្បីបន្តឆ្ពោះទៅកាន់ប្រទេសវៀតណាមតទៀត ដើម្បីចូលរួមកិច្ចប្រជុំ APEC នៅទីនោះ ជាមួយបណ្តាមេដឹកនាំពិភពលោកមួយចំនួនទៀត រួមទាំងចិន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃ ០៣យប់ នៅក្នុងរដ្ឋធានីប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកប្រធានាធិបតីអាមេរិក ហើយលោក ស៊ី និងលោក ត្រាំ បានធ្វើការជួបពិភាក្សាគ្នាលើប្រធានបទសំខាន់ៗជាច្រើន ដោយជាពិសេសមេដឹកនាំ នៃមហាអំណាចទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាដ៏សំខាន់ និងគ្រប់ជ្រុងជ្រោយ ស្តីពីការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក។ លើសពីនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនអាមេរិក ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ ដែលមានតម្លៃសរុបដល់ទៅប្រមាណ ២៥០ពាន់លានដុល្លារ ជាកំណត់ត្រាថ្មីផងដែរ។
គួរបញ្ជាក់ថា នៅវៀតណាម លោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC នៅក្នុងទីក្រុងដាណាង នៃភាគកណ្តាលប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃសុក្រនេះ ហើយនឹងជួបពិភាក្សាជាមួយមេដឹកនាំវៀតណាម នៅថ្ងៃស្អែក៕