(អង់ការ៉ា)៖ កម្លាំងប៉ូលិសតួកគីនាថ្ងៃព្រហស្បតិ៍នេះ បានបើកប្រតិបត្តិការក្តៅគគុក ចាប់ឃាត់ខ្លួនបានជនសង្ស័យថា ជាបណ្តាញក្រុម ISIS សរុបចំនួន ១០១នាក់ នៅក្នុងរដ្ឋធានីអង់ការ៉ាតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមសារព័ត៌មានតួកគី Daily Sabah ប្រតិបត្តិការបង្រ្កាបអំពើភេរវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ ការិយាល័យនៃក្រុមរដ្ឋអាជ្ញាសាធារណៈប្រចាំទីក្រុងអង់ការ៉ា ជាមួយមន្រ្តីប៉ូលិសចំនួន ១,៥០០នាក់ និងបានចេញដីកាឃុំខ្លួន សម្រាប់ជនសង្ស័យចំនួន ២៤៥នាក់។
លើសពីនេះទៀត កាលពីចន្លោះថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកាថ្មីៗនេះ អាជ្ញាធរតួកគី ក៏បានបើកប្រតិបត្តិការប្រឆាំង ISIS នៅតាមបណ្តាខេត្តចំនួន ២៥ ទូទាំងប្រទេសផងដែរ ដោយកាលនោះកម្លាំងប៉ូលិសបានធ្វើការឃាត់ខ្លួន អ្នកប្រយុទ្ធជាក្រុមភេរវករនេះចំនួន ២៨៣នាក់ បូករួមនិងគ្រឿងផ្ទុះ ៦៦គ្រឿង ព្រមទាំងអាវុធមួយចំនួនទៀត។
គួរបញ្ជាក់ថា តួកគីចាប់តាំងតែពីឆ្នាំ២០១៥មក បានទទួលរងការវាយប្រហារភេរវកម្មយ៉ាងសាហាវៗ ដែលបានផ្តាច់ជីវិតមនុស្សច្រើនជាង ៣០០នាក់ ហើយរដ្ឋាភិបាលតួកគី បានទម្លាក់កំហុសថា ទង្វើទាំងអស់នេះ គឺជាស្នាដៃរបស់ពួក ISIS។ បើតាមក្រសួងយុត្តិធម៌តួកគី មនុស្សយ៉ាងតិច ៧៨០នាក់ រួមមានជនបរទេស ៣៥០នាក់ នៅតែបន្តជាប់ឃុំខ្លួនដដែលមកទល់ពេលនេះ ដោយភាគច្រើនក្នុងចំណោមនោះ បានជាប់សង្ស័យថា ជាបណ្តាញ ISIS៕