(ហាណូយ)៖ ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង «ដំរី» ដែលបានវាយលុកយ៉ាងចាស់ដៃ នៅតាមបណ្តាញឆ្នេរភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាមនោះ បានកើនដល់១០៦នាក់ហើយ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ស្របពេលដែលប្រជាអាស៊ានមួយនេះ កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំកំពូលមួយ រវាងមេដឹកនាំពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមរដ្ឋាភិបាលវៀតណាម គិតចាប់តាំងតែពីព្យុះកំណាចខាងលើ បានធ្វើដំណើរមកដល់ប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក មនុស្សសរុបកើនដល់១០៦នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី ព្រមទាំងក្នុងហេតុការណ៍លិចទូក នៅឯនាយសមុទ្រ ខណៈមនុស្សប្រមាណ២៥ផ្សេងទៀត នៅតែបន្តបាត់ខ្លួនដដែល និង១៩៧នាក់រងរបួស។ ក្រៅពីនេះ លំនៅឋានជាង២,០០០ខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង និងច្រើនជាង១២០,០០០ខ្នងទៀត រងការខូចខាត ហើយសត្វចិញ្ចឹមជិត ៤៣,៣០០ក្បាលបានងាប់។
ទន្ទឹមនឹងនេះ វៀតណាមកំពុងតែរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នៃតំបន់អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC នៅឯទីក្រុងដាណាង នាចុងសប្តាហ៍នេះ ពោលគឺចាប់ផ្តើមពីថ្ងៃសុក្រនេះតែម្តង។ កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីសំណាក់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានាធិបតីចិន លោក ស៊ី ជិនពីង, និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជាដើម។
គួរបញ្ជាក់ថា ព្យុះទីហ្វុងដំរី គឺជាព្យុះដ៏កំណាចចុងក្រោយគេបង្អស់ ដែលបានបោកបក់មកលើបណ្តោយឆ្នេរប្រទេសវៀតណាម ក្នុងឆ្នាំ២០១៧នេះ ខណៈមនុស្សយ៉ាងតិច ២៤០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ឬក៏បាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី ចាប់តាំងពីដើមឆ្នាំនេះ៕