(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក ម៉ាក ឡូខក់ (Mark Lowcock) បានព្រមានថា ប្រជាជនយ៉េមែនរាប់លាននាក់ អាចនឹងប្រឈមមុខនឹងគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុត បើសិនជាការផ្ដល់ជំនួយបន្ទាន់មិនអាចទៅដល់ដៃពួកគេទេនោះ៕
២៖ ប្រធានាធិបតិរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាការងារជាមួយគ្នា នៅថ្ងៃសុក្រស្អែកនេះក្នុងប្រទេសវៀតណាម៕
៣៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកបីគ្រឿង គ្រោងនឹងចូលរួមធ្វើសមយុទ្ធដែនសមុទ្រ នៅក្បែរតំបន់ដែនទឹកឧបទ្វីបកូរ៉េ នៅចុងសប្ដាហ៍នេះ៕
៤៖ ស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសរុប សម្រាប់ចិន និងសហរដ្ឋអាមេរិក ចំនួន ២៥៣ពាន់លានដុល្លារ នៅក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំងនោះ ៣៧ពាន់លានដុល្លារក្នុងចំណោមនោះ គឺជាកិច្ចព្រមព្រៀងដែលចិនបញ្ជាទិញយន្តហោះ Boeing ចំនួន ៣០០គ្រឿង ពីសហរដ្ឋអាមេរិក ក្នុងតម្លៃ ៣៧ពាន់លានដុល្លារ៕
៥៖ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា មន្រ្តីទីក្រុងវ៉ាស៊ីនតោន និងមន្រ្តីប្រទេសកាតា បានជួបគ្នាថ្មីៗនេះជាលើកដំបូង ដើម្បីបើកកិច្ចសន្ទនាស្តីពីការប្រឆាំងអំពើភេរវកម្ម សំដៅផ្តល់ការសម្របសម្រួលទ្វេភាគី ខណៈដែលបណ្តាប្រទេសអារ៉ាប់មួយចំនួន នៅតែព្យាយាមកៀបសង្កត់ប្រទេសឈូងសមុទ្រមួយនេះ៕
៦៖ ព្រឹត្តិការណ៍បន្ទុះស៊ូពើណូវ៉ា (Supernova) មួយ ដែលបានអូសបន្លាយពេលរាប់ឆ្នាំ កំពុងតែបង្កក្តីងឿងឆ្ងល់ ចំពោះការយល់ដឹងបច្ចុប្បន្នរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ស្តីពីការកកើត និងអស់ជីវិតរបស់ដួងតារា ហើយទន្ទឹមនឹងនេះពួកគេក៏កំពុងស្វះស្វែងរកចម្លើយសម្រាប់បាតុភូតដ៏ចម្លែកនេះផងដែរ៕