(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងបានឱ្យដឹងថាលោកនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ឡើងវិញពីការបេ្ដជ្ញាចិត្ត លុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ព្រមទាំងដោះស្រាយបញ្ហានុយក្លេអ៊ែរ តាមរយៈកិច្ចសន្ទនា និងចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ស៊ី ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក ត្រាំ ក្រោយបញ្ចប់កិច្ចសន្ទនា នៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។ លោកស៊ី បាន លើកឡើងយ៉ាងដូច្នេះថា «ជុំវិញបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ យើងបានអះអាងឡើងវិញ ពីការប្ដេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ក៏ដូចជាអនុវត្តន៍ឱ្យបានពេញ លេញនូវដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយដោះស្រាយរាល់បញ្ហា តាមរយៈកិច្ចចរចា និងកិច្ចសន្ទនា»។
គួរបញ្ជាក់ថា បើទោះជាទីក្រុងប៉េកាំង កំពុងចូលរួមជាមួយសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មខ្លះៗលើកូរ៉េខាងជើងក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង បានអះអាងម្ដងហើយម្ដងទៀតថា ការដោះស្រាយ ជាមួយទីក្រុងព្យុងយ៉ាង មិនអាចប្រើប្រាស់កម្លាំងយោធាជាដាច់ខាត។ ក្រៅពីនេះ នៅអំឡុងជំនួបនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស៊ី និងលោក ត្រាំ បានសង្កត់ធ្ងន់ថា ចិន និងសហរដ្ឋអាមេរិក មានវត្ថុបំណងរួមគ្នាក្នុងការស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដោយសន្តិវិធី ដើម្បីលើកកម្ពស់សន្តិភាព ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក៕