(សេអ៊ូល)៖ ការស្ទង់មតិមួយបានបង្ហាញថា អ្នកជំនាញសន្តិសុខកូរ៉េខាងត្បូង ០៧នាក់ ក្នុងចំណោម ១០នាក់ យល់ថាការបង្រួបបង្រួមប្រទេស រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចនឹងត្រូវចំណាយពេលច្រើនជាងមួយទសវត្សរ៍។ ប៉ុន្តែស្របពេល ដែលកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ អ្នកជំនាញខ្លះអះអាងថា ការបង្រួបបង្រួមគ្នានេះនឹងមិនអាចកើតឡើងឡើយ ក្នុងបរិបទទីក្រុងព្យុងយ៉ាង នៅតែចិញ្ចឹមចិត្តបង្កើតប្រទេសកូរ៉េតែមួយ ដោយកាន់របបកុម្មុយនីស្ដដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមការស្ទង់មតិមួយ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយវិទ្យាស្ថាន Hyundai Research Institute រកឃើញថា អ្នកត្រូវបានសម្ភាសន៍ ៧២.៤ភាគរយ គិតថាការបង្រួបប្រងួមរវាង កូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចនឹងត្រូវចំណាយពេលច្រើនជាង ១១ឆ្នាំ។ រីឯ ២០.៤ភាគរយ និយាយថា ការបង្រួបបង្រួមគ្នានេះ អាចត្រូវចំណាយពេលពី ០៦ទៅដល់១០ឆ្នាំ ខណៈមានតែ ៤.១ភាគរយប៉ុណ្ណោះជឿជាក់ថា កូរ៉េទាំងពីរអាចនឹងក្លាយជាប្រទេសតែមួយនៅ ០៥ឆ្នាំខាងមុខ។
ជាងនេះទៅទៀត នៅពេលត្រូវបានសាកសួរថា តើពួកគេចង់ឱ្យកូរ៉េរួមគ្នាដូចម្ដេច? ៣៧.៨ភាគរយនិយាយថា ពួកគេចង់ឱ្យកូរ៉េទាំងពីររួមគ្នា ដោយមានប្រព័ន្ធដឹកនាំពីរ មានទំាងប្រជាធិបតេយ្យ និងកុម្មុយនីស្ដ ហើយ ៣៥.៧ភាគរយ ពេញចិត្តឱ្យកូរ៉េរួបរួមគ្នាយក ប្រព័ន្ធតែមួយ ចំណែកឯ ២៥.៥ភាគរយ ចង់បានប្រព័ន្ធមួយ ដែលអាចអនុញ្ញាតឱ្យប្រជាជនមកពីកូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចទៅសួរសុខទុក្ខគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិខាងលើដដែល អ្នកត្រូវសម្ភាសន៍ ៤១.៨ភាគរយ បានអះអាងថា ពួកគេពេញចិត្តចំណាយប្រាក់ច្រើនជាង ១១០,០០០វ៉ុន (៩៨ដុល្លារ) ក្នុងមួយឆ្នាំ ដើម្បីចូលរួមកាត់បន្ថយថ្លៃចំណាយ លើការបង្រួបបង្រួមគ្នានេះ ហើយ ៨.២ភាគរយអះអាងថា ពួកគេមិនចង់ចំណាយអ្វីទាំងអស់៕