(ម៉ូស្គូ)៖ ប្រធានាធិបតិរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាការងារជាមួយគ្នា នៅថ្ងៃសុក្រស្អែកនេះក្នុងប្រទេសវៀតណាម។ នេះបើ តាមមន្ត្រីវិមានក្រឹមឡាំង លោក Yuri Ushakov ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Yuri Ushakov បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ជំនួបនឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ប៉ុន្តែពេលវេលាកំពុងស្ថិតនៅក្នុងការសម្រេចចិត្តនៅឡើយ»។ លោក ពូទីន និងលោក ត្រាំ នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) រៀបចំឡើងក្នុងទីក្រុង Da Nang ភាគកណ្តាលប្រទេសវៀតណាម បន្ទាប់ពីមេដឹកនាំមហាអំណាចទាំងពីរ បានជួបគ្នាលើកទី ១ នាឱកាសចូលរួមកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់កាលពីខែកក្កដា។
គួររំលឹកថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យមុនជាន់ដីជប៉ុន លោក ដូណាល់ ត្រាំបាននិយាយថា លោកចង់ជួបជាមួយ លោក ពូទីន ខណៈសហគមន៍អន្តរជាតិកំពុង ស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីស៊ីលកូរ៉េខាងជើង។ «ខ្ញុំគិតថា វាគឺជាការរំពឹងទុកថា យើងនឹងជួបលោក ពូទីន។ យើងចង់បានជំនួយពី លោក ពូទីន ដោះស្រាយជាមួយកូរ៉េខាងជើង ហើយយើងក៏ត្រូវជួបជាមួយ បណ្ដាមេដឹកនាំដទៃៗទៀតដែរ»។ នេះបើតាម លោក ដូណាល់ ត្រាំ ប្រាប់អ្នកសារព័ត៌មានលើយន្ដហោះពិសេស Air Force One៕