(ប៉េកាំង)៖ ប្រទេសចិន និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៨៣ មានតម្លៃជាទឹកប្រាក់សរុបជាង ១.៩៤ពាន់លានដុល្លារ មុននឹងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួមកិច្ចប្រជុំ APEC។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាម ស៊ីនហួរ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានធ្វើឡើងនៅអំឡុងដំណើរទស្សនកិច្ចរបស់ ក្រុមអ្នកតំណាងក្រុមហ៊ុនចិនជាង ៣០ ក្រោមការរៀបចំដោយក្រសួងពាណិជ្ជកម្ម ចិនមកកាន់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ។ ជាមួយគ្នានោះដែរ ថ្លែងនៅក្នុងពិធីចុះហត្ថលេខា អនុប្រធាននៃនាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មចិន លោក Zhi Luxun បានគូសបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងវៀតណាម បានរក្សាភាពល្អប្រសើរ និងសម្រេចបាន លទ្ធផលជាទីគាប់ចិត្ត។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ ដើម្បីចូលជាមួយបណ្ដាមេដឹកនាំដទៃ ក្នុងកិច្ចប្រជុំនៃវេទិកាកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC)លើកទី២៥ រៀបចំឡើងក្នុងទីក្រុង Da Nang នៃតំបន់ភាគកណ្តាលប្រទេសវៀតណាម ដែលទើបតែរងគ្រោះដោយព្យុះទីហ្វុងដំរី ផ្តាច់ជីវិតមនុស្សជិត ១០០នាក់ កាលពីចុងសប្តាហ៍មុន៕