(ប៉េកាំង)៖ ស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសរុប សម្រាប់ចិន និងសហរដ្ឋអាមេរិក ចំនួន ២៥៣ពាន់លានដុល្លារ នៅក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំងនោះ ៣៧ពាន់លានដុល្លារក្នុងចំណោមនោះ គឺជាកិច្ចព្រមព្រៀងដែលចិនបញ្ជាទិញយន្តហោះ Boeing ចំនួន ៣០០គ្រឿង ពីសហរដ្ឋអាមេរិក ក្នុងតម្លៃ ៣៧ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្រាប់កិច្ចព្រមព្រៀងដ៏ធំខាងលើនេះ ត្រូវបានចូលរួមចុះហត្ថលេខាដោយ លោក Kevin McAllister ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Boeing ផ្ទាល់ ក្រោមអធិបតីភាពរបស់ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងតម្លៃ ៣៧ពាន់លានដុល្លារ។ ក្នុងឱកាសនោះ ក្រុមហ៊ុន Boeing របស់អាមេរិកមួយនេះ ក៏បានសន្យាផងដែរថា នឹងប្រឹងប្រែងបម្រើការងារ ដើម្បីបំពេញនូវផលប្រយោជន៍ទៅវិញទៅមក ក្នុងន័យបង្កើនការគាំទ្រលើទីផ្សារអាកាសចរណ៍របស់ខ្លួន។
យោងតាមសារព័ត៌មានដដែល ក្នុងរយៈពេល ០២ថ្ងៃមកនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសរុប ២៥៣.៥ពាន់លានដុល្លារ ត្រូវបានព្រមព្រៀងគ្នារវាងលោក ស៊ី និងលោក ត្រាំ ហើយដែលនេះ គឺជាកិច្ចព្រមព្រៀងជាប់កំណត់ត្រាថ្មីមួយ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។ បន្ថែមពីលើនេះ ថ្លែងនៅក្នុងកិច្ចសន្ទនាផ្លូវការជាមួយ លោក ដូណាល់ ត្រាំ លោក ស៊ី ជិនពីង បានថ្លែងពាក្យស្វាគមន៍យ៉ាងកក់ក្តៅថា «ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែចាប់ផ្តើមពីចំណុចជាប្រវត្តិសាស្ត្រថ្មីមួយ» ខណៈប្រទេសទំាងពីរ នៅមានបញ្ហាខ្វែងគំនិតគ្នាជាច្រើនត្រូវដោះស្រាយ។
គួរបញ្ជាក់ថា ក្រៅតែពីទំនាក់ទំនងពាណិជ្ជកម្ម សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង នៅតែស្ថិតក្នុងប្រធានបទសំខាន់របស់ លោក ត្រាំ ដោយលោកផ្ទាល់បានប្រាប់ប្រធានាធិបតីចិនថា លោកជឿជាក់ថា ដំណោះស្រាយមួយនឹងកើតឡើងសម្រាប់បញ្ហាកូរ៉េខាងជើង៕