ការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម «គឺជាគោលដៅចម្បង» សម្រាប់លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំង! ០២ថ្ងៃមកនេះកិច្ចព្រមព្រៀងពាណិជ្ជកម្មសរុប ២៥៣.៥ពាន់លានដុល្លារ
09-11-2017 13:28
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមជាអធិបតីភាពក្នុងកម្មវិធី ផ្លាស់ប្ដូរយោបល់ពាណិជ្ជកម្ម ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រស្បតិ៍នេះ ជាថ្ងៃទី០២នៃដំណើរទស្សនកិច្ចរបស់ លោក ត្រាំ មកកាន់ប្រទេសចិន។ តែគួរឱ្យកត់សម្គាល់នាឱកាសនោះ មេដឹកនាំទាំងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម មានតម្លៃដល់ទៅជាង ២៥៣ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាម CGTN ក្នុងរយៈពេល ០២ថ្ងៃមកនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសរុប ២៥៣.៥ពាន់លានដុល្លារ ត្រូវបានព្រមព្រៀងគ្នារវាងលោក ស៊ី និងលោក ត្រាំ ហើយដែលនេះ គឺជាកិច្ចព្រមព្រៀងជាប់កំណត់ត្រាថ្មីមួយ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន។ បន្ថែមពីលើនេះ ថ្លែងនៅក្នុងកិច្ចសន្ទនាផ្លូវការជាមួយ លោក ដូណាល់ ត្រាំ លោក ស៊ី ជិនពីង បានថ្លែងពាក្យស្វាគមន៍យ៉ាងកក់ក្តៅថា «ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែចាប់ផ្តើមពីចំណុចជាប្រវត្តិសាស្ត្រថ្មីមួយ» ខណៈប្រទេសទំាងពីរ នៅមានបញ្ហាខ្វែងគំនិតគ្នាជាច្រើនត្រូវដោះស្រាយ។
គួរបញ្ជាក់ថា ក្រៅតែពីទំនាក់ទំនងពាណិជ្ជកម្ម សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង នៅតែស្ថិតក្នុងប្រធានបទសំខាន់របស់ លោក ត្រាំ ដោយលោកផ្ទាល់បានប្រាប់ប្រធានាធិបតីចិនថា លោកជឿជាក់ថា ដំណោះស្រាយមួយនឹងកើតឡើងសម្រាប់បញ្ហាកូរ៉េខាងជើង៕