(អាមេរិក)៖ ព្រឹត្តិការណ៍បន្ទុះស៊ូពើណូវ៉ា (Supernova) មួយ ដែលបានអូស​បន្លាយ​ពេលរាប់ឆ្នាំ កំពុងតែបង្ក​ក្តីងឿងឆ្ងល់ ចំពោះការ​យល់​ដឹងបច្ចុប្បន្ន​របស់ក្រុមអ្នក​វិទ្យាសាស្រ្ត ស្តីពី​ការកកើត និងអស់ជីវិត​របស់ដួងតារា ហើយទន្ទឹមនឹងនេះ​ពួកគេក៏កំពុង​ស្វះស្វែងរក​ចម្លើយសម្រាប់​បាតុភូត​ដ៏ចម្លែកនេះ​ផងដែរ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី វែបសាយ​អវកាស-វិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាទូទៅផ្កាយ​មានម៉ាស់​ធំជាងម៉ាស់​ព្រះអាទិត្យ លើសពី ០៨ដង តែងតែបញ្ចប់​ជីវិតរបស់ពួកវា នៅក្នុងព្រឹត្តិការណ៍​​បន្ទុះ​ដ៏​អស្ចារ្យ​​ហៅ​​ថា Supernova ដែលពួកវាស្ថិត​ក្នុងចំណោម​បាតុភូត ដែលពោរពេញ​ដោយថាមពល​បំផុត នៅក្នុងចក្រវាឡ។ ពន្លឺរបស់ផ្កាយ​ដែល​កំពុង​អស់ជីវិតមួយដួង អាចជះកម្រិតពន្លឺ​ស្ទើរតែស្មើនឹង​កាឡាក់ស៊ីមួយ​ទាំងមូលបាន។ ប៉ុន្តែ Supernova ដែលកើតពី​ផ្កាយ​ធំៗ​​មហិ​មានេះ ជាធម្មតា​ឈានដល់​ចំណុចចែងចាំង​កំពូលយ៉ាងឆាប់​រហ័ស ហើយថមថយ​ពន្លឺទៅវិញ ក្នុងអំឡុងពេល​ប្រមាណ​ជា​ ១០០ថ្ងៃប៉ុណ្ណោះ។

ផ្ទុយទៅវិញ ព្រឹត្តិការណ៍ Supernova ឈ្មោះ iPTF14hls ដែលត្រូវបាន​អង្កេតថ្មីៗនេះ បានកើន និងថយពន្លឺទៅមក ក្នុង​អំឡុង​ពេល​ដល់​ទៅជាង ០៣ឆ្នាំឯណោះ។ នេះបើតាម​សេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌល​ឃ្លាំមើលអវកាស Las Cumbres ក្នុងរដ្ឋ​កា​លី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក ដែលបានតាមដាន​វត្ថុក៏ដូចជា​បាតុភូតនេះ។

គួរបញ្ជាក់ថា Supernova iPTF14hls ពុំមានភាពគួរកត់សម្គាល់​អស្ចារ្យអ្វីនោះឡើយ នៅពេលដែលវា​ត្រូវបានប្រទះឃើញ​ជាលើក​ដំបូង ដោយតេឡេស្កូប នៅទីក្រុង San Diego រដ្ឋកាលីហ្វរញ៉ាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤៕

https://thumbs-prod.si-cdn.com/SApW-uear6L7FwZh-e8lYi04TuM=/800x600/filters:no_upscale()/