(ប៉េកាំង)៖ ថ្លែងនៅក្នុងកិច្ចសន្ទនាផ្លូវការជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិន លោក ស៊ី ជិពីង ដែលជាម្ចាស់ផ្ទះ បានថ្លែងពាក្យស្វាគមន៍យ៉ាងកក់ក្តៅថា «ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែចាប់ផ្តើមពីចំណុច ជាប្រវត្តិសាស្ត្រថ្មីមួយ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការថ្លែងរបស់ លោក ស៊ី ដូចខាងលើនេះ ធ្វើឡើងចំពោះមុខ លោក ត្រាំ តែម្តង ខណៈដែលមេដឹកនាំកំពូលទាំងពីរលើពិភពលោកនេះ កំពុងតែស្ថិតនៅក្នុងមហាវិមានប្រជាជន នៃទីក្រុងប៉េកាំង នាព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង។ លោក ដូណាល់ ត្រាំ បានមកដល់រដ្ឋធានីប៉េកាំងកាលពីរសៀលថ្ងៃពុធ ម្សិលមិញនេះ ដោយបានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតដោយមន្ត្រីជាន់ខ្ពស់ចិន និងការដើរកម្សាន្តជាលើកដំបូង នៅឯអតីតរាជវាំងចិនពីបុរាណ ដែលស្ថិតនៅកណ្តាលទីក្រុងដ៏ចំណាស់ និងជាស្នូលនៃរដ្ឋបាលចិននេះតែម្តង។
គួរបញ្ជាក់ថា បន្ទាប់ការធ្វើទស្សនកិច្ចខាងលើ លោក ដូណាល់ ត្រាំ បានបង្ហាញពីអារម្មណ៍របស់លោក តាមរយៈប្រព័ន្ធ Twitter ថាលោកទទួលបានបទពិសោធន៍ដែលពុំអាចបំភ្លេចបានឡើយ នៅអតីតព្រះរាជវាំង Forbidden City នេះ និងលោក បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ី ជិនពីង រួមនិងលោកស្រី ផេង លីយ័ន។
ម៉្យាងវិញទៀត មេដឹកនាំនៃមហាអំណាចទាំងពីរនេះ សុទ្ធបានសម្តែងក្តីសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមានពីជំនួបពិភាក្សាលើកនេះ។ ជាមួយគ្នានេះ កាលពីម្សិលមិញ គ្រាន់តែលោក ដូណាល់ ត្រាំ មកដល់ចិនភ្លាម ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនចិនបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងផ្សេងៗភ្លែត មានតម្លៃសរុបជាទឹកប្រាក់ដល់ទៅប្រមាណ ០៩ពាន់លានដុល្លា៕