(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា មន្រ្តីទីក្រុងវ៉ាស៊ីនតោន និងមន្រ្តីប្រទេសកាតា បានជួបគ្នាថ្មីៗនេះជាលើកដំបូង ដើម្បីបើកកិច្ចសន្ទនាស្តីពីការប្រឆាំងអំពើភេរវកម្ម សំដៅផ្តល់ការសម្របសម្រួលទ្វេភាគី ខណៈដែលបណ្តាប្រទេសអារ៉ាប់មួយចំនួន នៅតែព្យាយាមកៀបសង្កត់ប្រទេសឈូងសមុទ្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាមសេចក្តីប្រកាសរបស់ក្រសួងខាងលើ ភាគីទាំងពីរបានត្រួតពិនិត្យឡើងវិញ ទៅលើវឌ្ឍនភាពវិជ្ជមាន ក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្ន អាមេរិក-កាតា ស្តីពីការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ដែលត្រូវបានចុះហត្ថលេខា ក្នុងរដ្ឋធានីដូហារបស់កាតា កាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅ ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន និងសមភាគីកាតា ព្រះអង្គម្ចាស់ Mohamed Bin Abdulrahman Al Thani។
គួរបញ្ជាក់ថា MOU ខាងលើ បានដាក់ចេញនូវការប្តេជ្ញាចំពោះគ្នាទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ ដើម្បីបង្កើនការចែករំលែកព័ត៌មាន, រាំងខ្ទប់លំហូរផ្នែកហិរញ្ញវត្ថុទៅក្នុងអំពើភេរវកម្ម, និងជំរុញការប្រុងប្រយ័ត្នចំពោះសកម្មភាពភេរវកម្ម។ ក្នុងអំឡុងកិច្ចសន្ទនានាសប្តាហ៍នេះវិញ ភាគសងខាងក៏បានប្តេជ្ញាដែរថា នឹងពង្រីកភាពជាដៃគូ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ការផ្តល់ហិរញ្ញវត្ថុផ្នែកភេរវកម្ម, បទបញ្ញតិទាក់ទងនឹងវិស័យសប្បុរសធម៌, និងសន្តិសុខក្នុងវិស័យអាកាសចរណ៍៕