(វ៉ាស៊ីនតោន)៖ ប្រព័ន្ធស្ទាក់ចាប់មីស៊ីលអាមេរិកចុងក្រោយទី៤៤ ដែលគេស្គាល់ថា Ground-Based Interceptor (GBI) missile ជាផ្នែកមួយនៃប្រព័ន្ធស្ទាក់ចាប់មីស៊ីល Ground-based Midcourse Defense (GMD) ត្រូវបានតម្លើងដោយជោគជ័យហើយ កាលពីថ្ងៃទី០២ ខែវិចិ្ឆកា នៅលើមូលដ្ឋានយោធា Fort Greely នៃរដ្ឋ Alaska ប៉ុន្តែលោក ដូណាល់ ត្រាំ អះអាងថា ចង់បានបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រព័ន្ធមីស៊ីលនេះបានផ្ដួចផ្ដើមឡើងតាំងតែសម័យ លោក បារ៉ាក់ អូបាម៉ា មកម្ល៉េះ ហើយវាមានសមត្ថភាពគ្រប់គ្រាន់ ទប់ស្កាត់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរជាយថាហេតុ ណាមួយពីសំណាក់សត្រូវ។ ទីភ្នាក់ងារប្រព័ន្ធមីស៊ីលអាមេរិក បានគូសបញ្ជាក់ដូច្នេះដែរថា «ក្រុមហ៊ុន MDA និងក្រុមហ៊ុន Boeing បានបញ្ជូនប្រព័ន្ធមីស៊ីល GBI និងតម្លើងដោយ ជោគជ័យនៅលើមូលដ្ឋានយោធា Fort Greely នៃរដ្ឋ Alaska កាលពីថ្ងៃ០២ ខែវិច្ឆិកា»។
គួរបញ្ជាក់ថា ការបញ្ចប់គំរោងតម្លើងប្រព័ន្ធមីស៊ីលខាងលើធ្វើឡើងមុនការគ្រោងទុក។ មួយវិញទៀត បើតាមក្រុមអ្នកជំនាញ GMD គឺជាប្រព័ន្ធមីស៊ីលតែមួយគត់ ដែលអាច បាញ់ទម្លាក់មីស៊ីលឆ្លងទ្វីប ICBM ក្នុងនោះដូចជា ICBM របស់កូរ៉េខាងជើងជាដើម ប៉ុន្តែរាប់ចាប់ផ្ដើមពីការធ្វើតេស្ដ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ភាពជោគជ័យនៃការកម្ទេចមីស៊ីលនុយក្លេអ៊ែរ ប្រព័ន្ធមីស៊ីលនេះមានអត្រាមិនលើសពី ៥០ភាគរយឡើយ៕