(យ៉េមែន)៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ លោក ម៉ាក ឡូខក់ (Mark Lowcock) បានព្រមានថា ប្រជាជនយ៉េមែនរាប់លាននាក់ អាចនឹងប្រឈមមុខនឹងគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុត បើសិនជាការផ្ដល់ជំនួយបន្ទាន់មិនអាចទៅដល់ដៃពួកគេទេនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Mark Lowcock ជាមន្ត្រីកិច្ចការទទួលបន្ទុកជំនួយមនុស្សធម៌ នៃអង្គការសហប្រជាជាតិ ធ្វើការព្រមានបែបនេះ បន្ទាប់ពីក្រុមចំរុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទ បានសម្រេចចិត្តបិទការហោះហើរតាមផ្លូវអាកាស ផ្លូវគោក និងសមុទ្រ នៅតាមតំបន់ជាច្រើនទៅកាន់ប្រទេសយ៉េមែន ដើម្បីទប់ស្កាត់ការបញ្ជូនអាវុធពី អ៊ីរ៉ង់ទៅឱ្យក្រុមឧទ្ទាមហ៊ូទី ដែលទីក្រុងរីយ៉ាដចោទប្រកាន់ថា ជាអ្នកបាញ់គ្រាប់ មីស៊ីលមួយគ្រាប់ឆ្ពោះមកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត កាលពីចុងសប្ដាហ៍កន្លងទៅ។
លោក Lowcock បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខ ដារាបណាមិនមានការដកចេញនូវវិធានការបែបនេះរបស់ក្រុមចំរុះ នោះគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុតនឹងកើតឡើងនៅយ៉េមែន... ហើយអ្នករងគ្រោះ ពិតប្រាកដនៅតែជាប្រជាជនយ៉េមែនរាប់លាននាក់»។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ ប្រជាជនយ៉េមែនច្រើនជាង៩០០,០០០នាក់ បានឆ្លងជំងឺអាសន្នអារោគ និង០៧លាននាក់ផ្សេងទៀតកំពុងជួបគ្រោះទុរ្ភិក្ស ខណៈមនុស្ស ច្រើនជាង៨,៦៧០នាក់ ហើយ៦០ភាគរយ ក្នុងចំណោមអ្នកទំាងនេះជាជនស៊ីវិល បានបាត់បង់ជីវិត និង៤៩,៩៦០នាក់ រងរបួសដោយសារសង្រ្គាមផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១៥មក៕