(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានរៀបចំពិធីដ៏ឱឡារិកមួយ ដើម្បីសម្តែងការទទួលស្វាគមន៍ជាថ្មីម្តងទៀត ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯមហាវិមានប្រជាជនចិន «The Great Hall of the People» ក្នុងទីក្រុងប៉េកាំង ហើយមេដឹកនាំកំពូលលើទាំងពីរលើលោក នឹងជួបពិភាក្សាគ្នាជាផ្លូវការក្រោយពិធីនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
បន្ទាប់ពីលោក ដូណាល់ ត្រាំ បានធ្វើដំណើរពីកូរ៉េខាងត្បូង មកដល់ទឹកដីប្រទេសចិន កាលពីរសៀលថ្ងៃពុធម្សិលមិញ លោក ស៊ី ជិនពីង និងភរិយា ក៏បានស្វាគមន៍លោកប្រធានាធិបតី ព្រមទាំងជំទាវទីមួយអាមេរិក ពិសាតែក៏ដូចជាធ្វើទស្សនកិច្ចរួមគ្នា នៅឯអតីតព្រះរាជវាំងចិនសម័យបុរាណ Forbidden City ឬ Palace Museum ក្នុងរដ្ឋធានីប៉េកាំងផងដែរ ស្របពេលដែលលោក ត្រាំ បានចាប់ផ្តើមការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ដែលមានរយៈពេល ០៣ថ្ងៃ ០២យប់ នៅមហាយក្សដ៏ធំបំផុតប្រចាំទ្វីបអាស៊ីនេះ។
គួរបញ្ជាក់ថា បន្ទាប់ការធ្វើទស្សនកិច្ចខាងលើ លោក ដូណាល់ ត្រាំ បានបង្ហាញពីអារម្មណ៍របស់លោក តាមរយៈប្រព័ន្ធ Twitter ថាលោកទទួលបានបទពិសោធន៍ដែលពុំអាចបំភ្លេចបានឡើយ នៅព្រះរាជវាំង Forbidden City នេះ និងលោក បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៊ី ជិនពីង រួមនិងលោកស្រី ផេង លីយ័ន។
ម៉្យាងវិញទៀត មេដឹកនាំនៃមហាអំណាចទាំងពីរនេះ សុទ្ធបានសម្តែងក្តីសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមានពីជំនួបពិភាក្សាលើកនេះ។ ជាមួយគ្នានេះ កាលពីម្សិលមិញ គ្រាន់តែលោក ដូណាល់ ត្រាំ មកដល់ចិនភ្លាម ក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនចិនបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងផ្សេងៗភ្លែត មានតម្លៃសរុបជាទឹកប្រាក់ដល់ទៅប្រមាណ ០៩ពាន់លានដុល្លា៕