(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃពុធនេះ បាននិយាយថា លោករំពឹងថានឹងទទួលបានលទ្ធផលវិជ្ជមានចេញពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ បានមកដល់ទីក្រុងប៉េកាំង នៅរសៀលថ្ងៃពុធនេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកដែលមានរយៈពេល ០៣ថ្ងៃ ០២យប់ នៅក្នុងប្រទេសចិន។ បន្ថែមពីលើនេះ បើតាមការគ្រោងទុក លោក ត្រាំ និងលោក ស៊ី នឹងត្រូវជួបពិភាក្សាការងារនៅថ្ងៃព្រហស្បតិ័ស្អែកនេះ ដោយផ្ដោតសំខាន់លើកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ឱនភាព ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយចិនជាដើម។
គួរបញ្ជាក់ថា លទ្ធផលវិជ្ជមានដែលលោក ស៊ី ជិនពីង បានលេចចេញជារូបរាងបណ្ដើរៗហើយ ពោលគឺគ្រាន់តែលោក ដូណាល់ ត្រាំ ជាន់ដីទីក្រុងប៉េកាំងប្រទេសចិនភ្លាម ក្រុមហ៊ុន អាមេរិក និងក្រុមហ៊ុនចិនបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងផ្សេងៗ មានតម្លៃសរុបជាទឹកប្រាក់ប្រមាណ ០៩ពាន់លានដុល្លារ នាឱកាសចាប់ផ្តើមនៃដំណើរទស្សនកិច្ចរបស់ មេដឹកនាំអាមេរិករូបនេះ មកកាន់មហាយក្សធំបំផុតប្រចាំទ្វីបអាស៊ី៕